(កាប៊ុល)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃអាហ្គានីស្ថាន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់ ​អត្តឃាត នៅ​ក្បែរ​ស្ថានទូត​អាមេរិក និង​ទីស្នាក់ការ​ភ្នាក់ងារ​សន្តិសុខ​ជាតិ បានកើនឡើងដល់ ៦៤នាក់ និងរបួស ៣៤៧នាក់ នេះបើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន Sky News ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែមេសា។

​យោងតាម​សំដី​របស់​អាជ្ញាធរ​បានឲ្យដឹងថា គ្រាប់បែក​ត្រូវបាន​បង្កប់​នៅក្នុង​រថយន្ត ហើយ​បាន​បំ​ផ្ទុះឡើង ដែល​បណ្ដាល​ឲ្យមាន​សំឡេង​យ៉ាងខ្លាំង និង​បង្ក​ការភ័យខ្លាច ហើយ​បើ​តាម​ប្រភព​ព័ត៌មាន​មិន​ច្បាស់​ការណ៍ បានឲ្យដឹងថា ក្រុម​ឧទ្ទាម​តា​លី​បង់ នឹង​ធ្វើការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្ត​ទៀត​ នៅក្នុង​ពេល​ឆាប់ៗ​នេះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើមឆ្នាំ​២០១៦​នេះ មាន​ប្រទេស​ចំនួន​៤​គឺ សហរដ្ឋអាមេរិក ចិន ប៉ា​គី​ស្ថាន រួម​ទាំង​ម្ចាស់ផ្ទះ​គឺ​អា​ហ្វ​ហ្គានី​ស្ថាន បាន​បើក​កិច្ចប្រជុំ​កំពូល​មួយ​ស្វែងរក​ដំណោះស្រាយ ដើម្បី​សន្ដិភាព ក្នុង​គោលដៅ​ពិភាក្សា​ជាមួយ​ក្រុម​ម​ឧទ្ទាម​តា​លី​បង់ ដើម្បី​បញ្ចប់​ជម្លោះ ប៉ុន្តែ​មក​ដល់ពេលនេះ ក្រុម​តា​លី​បង់ មិន​ព្រម​ចូល​តុ​ចរចា​ឡើយ ផ្ទុះ​ទៅវិញ​នៅតែ​បន្តសកម្មភាព​ដដែល​៕​