(ពោធិ៍សាត់)៖ ក្រោយពីធ្វើការសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ដែលកើតមានជាង២០ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋដែលជាភាគីទំនាស់ឈ្មោះ ស្វាយ សាម៉េត និងឈ្មោះ ចាន់ នួន រស់នៅភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានទទួលប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេច សូមឱ្យសម្តេចមានអាយុវែង បន្តការដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើន។

ពិធីប្រគល់ទទួលប័ណ្ណកម្មសិទ្ធិខាងលើនេះ ត្រូវបានធ្វើឡើងនៅអគារថ្មីសាលាខេត្ត ដោយបានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់, លោក ចេង ឡៃ អភិបាលរងខេត្ត, លោកនាយករងរដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកស្រីអភិបាលរងស្រុកវាលវែង និងមន្ត្រីសុរិយោដីមួយចំនួនទៀត។

ភាគីទំនាស់ ឈ្មោះ ស្វាយ សាម៉េត ដែលត្រូវទទួលបានប្លង់កម្មសិទ្ធិ បានថ្លែងយ៉ាងដូច្នេះថា៖ «បាទខ្ញុំបាទឈ្មោះ ស្វាយ សាម៉េត ប្រពន្ធឈ្មោះ វិត អ៊ន ដែលមានបញ្ហាទំនាស់ដីធ្លីរវាង ចាន់ នួន, មកទល់ថ្ងៃនេះបានបញ្ចប់ជាស្ថាពរ ដោយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំជួបជាមួយលោកអភិបាលខេត្ត និងបានរៀបចំបញ្ចប់ ការទំនាស់នេះ និងបានប្រគល់ប្លង់ដីឱ្យដល់រូបខ្ញុំបាទ យកទៅប្រើប្រាស់ជាកម្មសិទ្ធិស្របច្បាប់ សម្រាប់បន្តចែកកូនចែកចៅ»

លោក ស្វាយ សាម៉េត បានគូសបញ្ជាក់ថា៖ «នេះខំតែបានសម្ដេចជួយជ្រោមជ្រែងទេ កុំអីរឿងនេះបន្លាយពេលយូរឆ្នាំទៅហើយ, ខ្ញុំគ្មានអ្វីតបស្នងសងគុណដល់សម្ដេចទេ គឺមានតែពាក្យជូនពរដល់សម្ដេច សូមឱ្យសម្តេចមានសុខភាពល្អបរិបូណ៍ បន្តធ្វើការដឹកនាំប្រទេសជាតិ ឱ្យកាន់តែល្អ និងសូមឱ្យមានអាយុវែងតរៀងទៅ»៕