(ភ្នំពេញ)៖ លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បានអនុញ្ញាតឱ្យ លោក Amphay Kindavong ឯករដ្ឋទូតឡាវប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្រោយបញ្ចប់អាណត្តិបំពេញការទូត នៅក្នុងកម្ពុជា។

បើតាមលោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា ជំនួបរវាង លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង និងឯកអគ្គរដ្ឋទូតឡាវ ចប់អាណត្តិ បានធ្វើឡើង នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ដោយពិភាក្សាអំពីការងារមួយចំនួន។

នៅក្នុងជំនួបសម្តែងការគួរសមនេះដែរ ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានថ្លែងអំណរគុណចំពោះការខិតខំបំពេញការងាររបស់ លោកអគ្គរដ្ឋទូតឡាវកន្លងមក ក្នុងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមក។

សូមបញ្ជាក់ថា កម្ពុជា-ឡាវ ជាប្រទេសភូមិផងរបងជាប់គ្នា ដែលមានព្រំប្រទល់ជាប់គ្នាប្រវែងជាង ៥៤០គីឡូម៉ែត្រ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នាបោះបង្គោលព្រំដែនបានប្រមាណ ៨៦ភាគរយនៃខ្សែព្រំដែនរួម ដោយបានបោះបង្គោលបាន ១២១លើចំនួនសរុប ១៤៥បង្គោល។ កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងជាផ្លូវការនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៥៦៕