(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ ព្រមទាំងព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាមេរិក និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១។

ព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ មានខ្លឹមសារថា៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំមានហឫទ័យរីករាយ សូមចូលរួមអបអរសាទរ និងសូមសម្តែងនូវការកោតសរសើរដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពមនុស្សធម៌ កសាងជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា ។កាយវិការដ៏ឧត្តុង្គឧត្តម ប្រកបដោយស្មារតីស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រនេះ កិត្តិនាមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានល្បីរន្ទឺទទួលបានការកោតសរសើរ និងអំណរសាទរ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ»

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ «ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីៗទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខាងក្រោមនេះ ជាព្រះរាជសារ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖