(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ខ្ញុំមានហឫទ័យរីករាយយ៉ាងក្រៃលែង សូមអបអរសាទរ ជូនពរ និងកោតសរសើរ ដ៏កក់ក្តៅជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមគ្គទេសក៍ដ៏ល្អឆ្នើមមួយរូប បានដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជាទទួលបានជោគជ័យល្អប្រសើរ។ ជានិច្ចកាល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបំពេញការងារមនុស្សធម៌ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ បានខិតខំអស់ពីកម្លាំងកាយ-ចិត្ត បំពេញភារកិច្ចជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ខ្ញុំសូមជូនពរបវរមហាប្រសើរ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះ ជាព្រះរាជសារ របស់ព្រះករុណា ព្រះមហាក្សត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖