(ភ្នំពេញ)៖ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិការវិនិយោគសរុប១៨០លានដុល្លារអាមេរិកទាំងថ្លៃដី និងថ្លៃសាងសង់សំណង់ នឹងត្រូវបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែធ្នូស្អែកនេះ។

ក្រុមហ៊ុន ជីប ម៉ុង បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក ហៃយ៉ាត់ ហូថែល ខបភើរេស៊ិន កាលពីឆ្នាំ២០១៦ ដើម្បីគ្រប់គ្រងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្រុមហ៊ុនបានអភិរក្សវីឡាសម័យអាណានិគមបារាំង ដោយចំណាយអស់ទឹកប្រាក់ប្រហែល៥លានដុល្លារអាមេរិក បច្ចុប្បន្នវីឡានេះក្លាយជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវយ៉ាងប្រណីត។

ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានបើកការដ្ឋានសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ដែលស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ។ ការសាងសង់ត្រូវបញ្ចប់ជាស្ថាពរ ហើយបានបើកដំណើរការសាកល្បងនៅដើមឆ្នាំ២០២១។

ក្រុមហ៊ុន ជីប ម៉ុង ដែលនាំយកសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញមកកម្ពុជា ព្រោះជឿជាក់ថា សណ្ឋាគារដ៏ប្រណីតដែលស្ថិតចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញនេះ នឹងផ្សារភ្ជាប់ភ្ញៀវទេសចរ និងធុរជនមកពីគ្រប់ទិសទី នៃសកលលោកមកកាន់កម្ពុជា ហើយចូលរួមលើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណីត ក្នុងវិស័យទេសចរណ៍ និងជាពិសេសបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ជាសណ្ឋាគារលំដាប់ផ្កាយប្រាំដែលមាន២៤៧បន្ទប់ ផ្ដល់នូវបទពិសោធន៍ស្នាក់នៅយ៉ាងល្អឥតខ្ចោះ សាលប្រណីត ស្ប៉ាលំដាប់ពិភពលោក Jivapita Spa ភោជនីយដ្ឋាននិងហាងកាហ្វេ ម៉ាឃីត កាហ្វេ (Market Café) ភោជនីយដ្ឋាន និងស្កាយបារ ហ្វាយហ្វាយ (FiveFive) រង្គសាល ដឺអាតទីក (The Attic) និងរង្គសាលក្រោមដី មេត្រូប៉ូល (Metropole) ផងដែរ។

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃត្រៀមខ្លួនស្វាគមន៍ទទួលភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទី និងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយដែលនឹងបម្រើវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីចួលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕