(សៀមរាប)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើចូលរួមជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ពិធីនេះក៏មានការចូលរួមពីលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សារា, លោក ទៀ សីហា អភិបាលខេត្តសៀមរាប, លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កួប្រចាំនៅកម្ពុជា, លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងភ្ញៀវជាតិភ្ញៀវអន្តរជាតិ។

លោកស្រី ម៉ែន សំអន បានលើកឡើងថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅបាន ដោយសារក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅរកការ អភិវឌ្ឍន៍លើគ្រប់វិស័យ។

ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគំរប់ ២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ។ ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

ព្រឹត្តិការណ៍នេះ ពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគត ឲ្យចងចាំ និងប្តេជ្ញាចិត្តត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណជូនដល់បុព្វការីជន ព្រះមហាក្សត្រ គ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យ ដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រី ម៉ែន សំអន បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៤០លានរៀល និងថវិការបស់រដ្ឋបាលខេត្ត៥លានរៀល សរុបចំនួន៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធី និងមានរាប់បាត្រព្រះសង្ឃចំនួន១០៨អង្គ៕