(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចែកជូនដល់ពលរដ្ឋក្រីក្រ ៦៨គ្រួសារ នៅសង្កាត់បឹងកេងកងទី៣។

នាឱកាសនេះលោក ធឹម សំអាន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារទីទ័លក្រដោយក្តីនឹករលឹក។

លោកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចដល់ប្រជាពលរដ្ឋ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ តែងតែបានផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋជានិច្ច ជាពិសេសផ្នែកជីវភាពរស់នៅប្រចាំ ថ្ងៃ ពោលគឺទីណាមានការលំបាក ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ដោយមិនបណ្តែតបណ្តោយទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់បាត់បង់ជីវិតដោយដាច់ស្បៀង ឬអត់អាហារនោះឡើយ។

លោក ធឹម សំអាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តចូលរួមអនុវត្តន៍ ចំពោះវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា និងជាពិសេស លោកតា លោកយាយចាស់ៗ ត្រូវថែទាំសុខភាព ខណៈដែលអាកាសធាតុចុះត្រជាក់ធ្លាក់ខ្លាំង និងបានស្នើដល់អាណាព្យាបាលគ្រប់រូប ត្រូវមើលថែទាំកុមារតូចៗដោយមិនត្រូវធ្វេសប្រហែសឡើយ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានចែកជូនប្រជាជនក្រីក្រទាំង៦៨គ្រួសារ នាពេលនេះ គឺក្នុងម្នាក់ៗទទួលបាន៖អង្ករ ២៥គីឡូក្រាម មី១០កញ្ចប់ ម៉ាស១០ ត្រីខ២កំប៉ុង តែមួយកញ្ចប់ ទឹកដោះគោខាប់១កំប៉ុង ស្ករសកន្លះគីឡូក្រាម និងអំបិលផងដែរ៕