(ភ្នំពេញ)៖ លោក ហ៊ុន កុសល អ្នកគាំទ្រលោក កឹម សុខា ដ៏មុតមាំមួយរូបនោះ បានចេញមកវាយសំពងទណ្ឌិត សម រង្ស៉ី និងបរិវាទៀតហើយ ដោយបានហៅជាអ្នកបាត់បង់ភាពជាមនុស្ស និងសតិសម្បញ្ញៈ បន្ទាប់ពីក្រុមនេះព្យាយាមទាញភ្ជាប់លោក កឹម សុខា ទៅនឹងសកម្មភាពនយោបាយរបស់ពួកគេ។

ក្នុងមួយរយៈចុងក្រោយនេះ លោក ហ៊ុន កុសល បានចេញមកប្រតិកម្ម និងសំពងទៅទណ្ឌិត សម រង្ស៉ី និងបក្ខពួកធ្ងន់ៗ បន្ទាប់ពីក្រុមនេះបន្តទាញភ្ជាប់សកម្មភាពរបស់ពួកគេជាមួយលោក កឹម សុខា ដែលបានប្រកាសចែកផ្លូវគ្នាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា រួចទៅហើយនោះ។

លោក កុសល បានលើកឡើងលើទំព័រ Facebook របស់លោកថា ជាងបួនឆ្នាំមកហើយ ដែលទណ្ឌិត សម រង្សី និងបរិវាបានធ្វើសកម្មភាព ប្រើវោហារសាស្ត្ររំលោភបំពានលើស្មារតីរួបរួម ឬរំលោភលើកិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកកឹម សុខា។ ក៏ប៉ុន្តែលោកកឹម សុខា និងអ្នកគាំទ្រ តែងតែខាំមាត់សង្កត់ចិត្ត មិនតបមិនត ពីព្រោះតែគោរពស្មារតីរួបរួម។ តែទីបំផុតទណ្ឌិត សម រង្ស៉ី ដែលធ្វើនយោបាយក្រពល់មុខទាល់ច្រកចុងក្រោយនេះ បែរជារុញឱ្យបរិវាខ្លួនចាកចេញពីស្មារតីរួបរួមទៅដំណើរការបក្សភ្លើងទៀនឡើងវិញ ក្នុងបំណងទាក់ចិត្តបក្សកាន់អំណាចថា ខ្លួនសុខចិត្តកំដរចូលរួមបោះឆ្នោត ក្រែងបានកៅអីខ្លះដើម្បីឱ្យគេអនុគ្រោះ។

លោក ហ៊ុន កុសល បានចេញមុខនិយាយការពារលោក កឹម សុខា ថា ព្រោះតែទង្វើទុច្ចរិតនេះហើយ ដែលនាំឱ្យលោក កឹម សុខា ប្រកាសចែកផ្លូវ។

លោក កុសល បានបញ្ជាក់យ៉ាងដូច្នេះ «ដល់ពេល សម រង្សី និងបរិវាដើរចេញពីការរួបរួម ដូច្នេះលោក កឹម សុខា ត្រូវតែប្រើសិទ្ធិការពារខ្លួនកុំឱ្យ សម រង្សី បន្តរំលោភដោយយកកិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់ទៅប្រើទាំងបំពានទៀតតែប៉ុណ្ណោះ ព្រោះមនុស្សខុសពីសត្វ គឺត្រង់មនុស្សមានសតិសម្បជញ្ញៈក្នុងភាពជាមនុស្ស»

អ្នកគាំទ្រលោក កឹម សុខា ដ៏ងប់ងុលរូបនេះ បានសំពងទណ្ឌិត សម រង្ស៉ី និងបក្ខពួកដោយសម្តីធ្ងន់ៗបែបនេះថា «សម រង្សី និងបរិវា បានបាត់បង់នូវភាពជាមនុស្ស បាត់បង់សម្បជញ្ញៈ បានជាមិនចេះភ្ញាក់រលឹកចេះបកស្រាយប្រើភាសាបំពានគ្មានចរិយាធម៌ សំដីឡាម ឬម្ជុលចាក់ឱ្យគេឈឺចាប់ សូម្បីតែដៃគូនយោបាយ ហើយធ្វើនយោបាយគ្មានគោលការណ៍ គ្មានតម្រា គ្មានភាពថ្លៃថ្នូរ ស្រែកឃោសនាទៅតាមសភាវៈគតិដូចហ្វូងត្រីកំភ្លាញ ដែលនាំគ្រោះថ្នាក់ដល់ក្រុមទាំងមូលដោយសារតែមាត់ និងមានចរិតពុតត្បុតទោះខ្លួនបែកចេញពីការរួបរួមរួចទៅហើយ»

លោក កុសល បានហៅការដែល លោក កឹម សុខា ប្រកាសពីការចែកផ្លូវជាមួយទណ្ឌិត សម រង្ស៉ី គ្រាន់តែមិនឱ្យគេយកកេរ្តិ៍ឈ្មោះរបស់លោកទៅភ្ជាប់ជាមួយជាមួយទង្វើក្បត់របស់ខ្លួនប៉ុណ្ណោះ។ លោកបន្តថា លោក កឹម សុខា ជាមនុស្ស មានសតិសម្បជញ្ញៈត្រូវបើសិទ្ធិការពារសេចក្តីថ្លៃថ្នូរ មិនមែនចេះតែបណ្តោយឱ្យ សម រង្សី និងបរិវារំលោភបំពានរហូតនោះទេ៕