(ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជាបានត្រៀមថវិកាគ្រប់គ្រាន់ ដើម្បីដឹកនាំកិច្ចប្រជុំអាស៊ាននេះ ប្រកបដោយជោគជ័យ និងស័ក្តិសិទ្ធភាព។

ថ្លែងក្នុងសន្និសីទព័ត៌មានស្តីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ផាន់ ផល្លា បានថ្លែងថា «ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ យើងបានត្រៀមលុយគ្រប់គ្រាន់ ទទួលរៀបចំកិច្ចប្រជុំ ក៏ដូចជាដឹកនាំអាស៊ាន បានន័យថា ស័ក្តិសមជាប្រធានអាស៊ាន។ ចំនួនលុយខ្ញុំសុំមិនឆ្លើយទេ ប៉ុន្តែយើងក៏មិនខ្វះដែរ នៅក្នុងការប្រើប្រាស់ថវិកាសម្រាប់រៀបចំកិច្ចប្រជុំអាស៊ាននេះ។ អីចឹងយើងនឹងក្លាយជាប្រធានអាស៊ានមួយប្រកបដោយ ភាពល្អប្រសើរ ស័ក្តិសម និងជោគជ័យ។ [....] លុយយើងមិនខ្លះទេ នៅក្នុងគ្រាន់តែជាការរៀបចំ ក្នុងនាមជាប្រធានអាស៊ាន រៀបចំកិច្ចប្រជុំអាស៊ាន ដឹកនាំអាស៊ាន ប្រកបដោយភាពស្វាហាប់ ប្រកបដោយសមត្ថភាព ហើយនឹងដឹកនាំអាស៊ាន ទៅរកភាពជោគជ័យនៅក្នុងឆ្នាំ២០២២នេះ» 

កម្ពុជានឹងក្លាយជាប្រធានប្ដូរវេនអាស៊ាន សម្រាប់ឆ្នាំ២០២២ជាផ្លូវការ បន្តពីប្រទេសប្រុយណេ ដែលបានធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលទើបបិទបញ្ចប់កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ក្នុងនាមជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តមួយចំនួនរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំក្រោយនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្តេជ្ញាធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឆ្នាំក្រោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ថែមទៀតផង។

សូមជម្រាបថា នៅឆ្នាំ២០២២ខាងមុននេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាធ្វើជាប្រធានក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយលើកទី១ ធ្វើនៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២៕