(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តប្រគល់ជែលលាងដៃចំនួន ៨០០កេស (ស្មើនឹង១២,៨០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ចំនួន ៩ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលពិធីប្រគល់ និងទទួល បានប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នាស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ-ប្រតិបត្តិករនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរដែនដី ជាពិសេសក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ជែលលាងដៃទាំងអស់នេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង២៥៩,២០០ដប) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ។

លោកស្រីបន្ដថា «ដូច្នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាលចុះប្រគល់ជែលទាំងអស់នេះ ជូនដល់សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែកនៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេសដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»

ទន្ទឹមនឹងនេះលោកស្រីសង្ឃឹមជឿជាក់ថា ខ្លឹមសារនៃយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់ប្រជាពលរដ្ឋយើង ដើម្បីធានាបាននូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ និងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។

ក្នុងឱកាសនោះដែរ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព៕