(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែមេសានេះ បានបង្ហាញលទ្ធផលចុងក្រោយ ជុំវិញករណីប្លន់សម្លាប់ និស្សិតឆ្នាំទី៣ នៅម៉ោង៨៖០០នាទីយប់ ថ្ងៃទី១៣ ខែមេសា ខែ២០១៦ ស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយជនល្មើសប្រើឈើជ្រុង យ៉ាងធំវាយទៅលើក្បាល របស់ជនរងគ្រោះរហូតដល់ស្លាប់។

កងរាជអាវុធហត្ថបានបញ្ជាក់ថា នៅថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះ ឆាយ ហាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និសិត្សឆ្នាំទី៣ បានធ្វើដំណើរទៅឃ្លាំងដាក់ហ្គេម ដែលទុកចោលយូរហើយ ដើម្បីអុជធូបសែនទទួលទេវតាឆ្នាំថ្មី។ ក្នុងអំឡុងពេលរង់ចាំ ទទួលទេវតាឆ្នាំថ្មីនោះ ជនរងគ្រោះបានបើកម៉ាស៊ីនហ្គេម ដែលទុកចោលនោះលេង ហើយជនល្មើសដែលជាអ្នកស្គាល់គ្នា បានចូលមកសុំលេងហើយ ក៏ឆ្លៀតឱកាសវាយប្លន់ជនរងគ្រោះយកកាបូបតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច កងរាជអាវុធរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ រហូតឈានដល់កំណត់ មុខសញ្ញាបាន។ នៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ជាថ្ងៃគម្រប់ខួប៧ថ្ងៃ របស់ជនរងគ្រោះ កំលាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវដឹងថា ជនល្មើសម្នាក់ឈ្មោះ ពង់ វុទ្ធី (ហៅ បាប៊ូ) ភេទប្រុស អាយុ២៣ឆ្នាំ (ជនដៃដល់) បានលាក់ខ្លួននៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងជំនាញមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចុះទៅចាប់ជនលើ្មស ម្នាក់នេះ ដល់ទីកន្លែង ដោយបានសហការជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តកណ្តាល ស្រុកអង្គស្នួលផងដែរ និងបន្ទាប់មកបាន ស្រាវជ្រាវទាំងយប់ បន្តទៅចាប់បក្សពួក២នាក់ទៀត នៅវេលាទៀបភ្លឺយប់ដដែល មានឈ្មោះ យាំ ភឿន ភេទប្រុស អាយុ២៩ឆ្នាំ (ជនដៃដល់) និង ឈ្មោះ ជិន ភក្តី ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកចាំមើលផ្លូវ) នៅភូមិអន្លង់បាន ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ  ដោយមានការសហការ ពីកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ ស្រុកបូរីជលសា។

តាមចម្លើយសារភាពរបស់ជនល្មើសទាំងបីនាក់ បានប្រាប់ថា កន្លងមកក្រុមវាធ្លាប់ធ្វើសកម្មភាព លួច ឆក់ ប្លន់ជាច្រើនដងមកហើយ ដូចជាករណីឆក់ខ្សែក នៅចំណុចរង្វង់មូលចោមចៅ , លួចអាគុយនៅឃ្លាំងធ្វើឡាន៥៩៨ ផ្លូវជាសុផារ៉ា, លួចម៉ូតូ នៅរោងទិញអេតចាយ សង្កាត់ភ្នំពេញថ្មី និងចុងក្រោយប្លន់សម្លាប់យកកាបូបលុយ នៅឃ្លាំងដាក់ហ្គេម ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុយដែលទទួលបានពីការលួច ឆក់ ប្លន់ គឺក្រុមវាចែកគ្នាដើរស៊ីចាយ និងជក់គ្រឿងញៀន។ ក្នុងនោះឈ្មោះពង់ វុទ្ធី (ហៅ បាប៊ូ) ក៏ធ្លាប់ជាប់គុកកាលពីឆ្នាំ២០០៨ផងដែរ។

បច្ចុប្បន្នជនល្មើសទាំង៣នាក់ ដែលឃាត់ខ្លួនបាន សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ៕