(ស្វាយរៀង)៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ សប្បុរសជននៅក្រុងបាវិត នាំយកអំណោយពីសប្បុរសជន ជាគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សារបស់សិស្សានុសិស្សព្រមទាំងថវិកាមួយចំនួនដល់ មណ្ឌលកុមារកំព្រាខត្តស្វាយរៀង ដើម្បីចូលរួមចែករំលែកទុក្ខលំបាក និងការខ្វះខាតក្នុងអំឡុងពេលកូវីដ១៩ ជាពិសេសផ្ដល់ក្តីស្រលាញ់អាណិតអាសូរដល់កុមារកំព្រាដែលកំពុងសិក្សារៀនសូត្រ។

ពិធីនេះបានធ្វើឡើង នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀងក្រោមវត្តមានលោក សេក វុទ្ធី និងលោកគ្រូ អ្នកគ្រូ ដែលមើលថែកុមារកំព្រាជាច្រើននាក់ផងដែរ។

លោក គឹម ផៃ តំណាងម្ចាស់សណ្ឋាគារណារីស្វីត ក្រុងបាវិត បានថ្លែងថា ដោយមានការអាណិតអាសូរនិងផ្ដល់ក្តី ស្រលាញ់ដល់កុមារកំព្រានៅខេត្តស្វយរៀង ក្រុមការងារបានចុះមកចែកអំណោយមានដូចជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៣លានរៀល និងសម្ភារសិក្សាសិស្សជាច្រើនទៀតផងដែរ។

លោកបានផ្តាំផ្ញើរដល់កុមារកំព្រាទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាពឲ្យបានល្អ និងខិតខំរៀនសូត្រចៀសឆ្ងាយពី គ្រឿងញៀនគ្រប់ប្រភេទស្ដាប់គ្រូអ្នកគ្រូកំពុងមើលថែនិងគោរពច្បាប់ចរាចរឲ្យភ្ជាប់ខ្ជួន។

លោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោកគ្រូ អ្នកគ្រូ បុគ្គលិកទាំងអស់ ដែលបានបរិច្ចាគកម្លាំងកាយចិត្ត ចូលរួមមើលថែទាំកុមារដោយក្តីអាណិតស្រឡាញ់ពិតៗ និងសូមបន្តយកចិត្តទុកដាក់ថែទាំក្មួយៗ កុមារឲ្យមាន សុខភាពល្អចៀសឆ្ងាយពីជំងឺផ្សេងៗ។

អំណោយដែលត្រូវប្រគល់ជូនដល់មណ្ឌលកុមារកំព្រាខេត្តស្វាយរៀង រួមមាន៖ អង្គរ ២០គីឡូក្រាម ស្មើរនិង៤០បេ ទឹកសុទ្ធវីតាល់២០កេស, ទឹកត្រី១០យួរ, មីម៉ាម៉ា៥កេសធំ, ត្រីខកំប៉ុង២កេស, ទឹកស៊ីវអ៊២យួរ, ភួយ៥០,ឃីត១កញ្ចប់, សៀវភៅ៣ក្បាល, ប៊ិក៣ដើម, ក្នុងម្នាក់ៗ ១០,០០០រៀលផងដែរ។

សូមបញ្ជាក់ថា បច្ចុប្បន្នមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង មានមន្ត្រី ៧នាក់ស្រី៧នាក់កុមារដែលកំពុងរស់នៅក្នុង មណ្ឌលមានចំនួន៣៧នាក់ ស្រី១៩នាក់ ហើយកុមារកំព្រាទាំងអស់សុទ្ធតែបានរៀន នៅសាលាចំណេះទូទៅគ្រប់គ្នា៕