(ភ្នំពេញ)៖ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ ចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែ ប្រវែង ៥៦២ម៉ែត្រ ក្រាលឆ្អឹងដែក ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកស្រី គឹម ញឹប បានឲ្យដឹងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ និងអនុវត្តនូវនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទទួលបាននូវ សុខសន្តិភាព ពេញលេញទូទាំងប្រទេស ហើយបានកែប្រែប្រទេសទាំងមូល ឲ្យមានការអភិវឌ្ឍ យ៉ាងខ្លាំងលើគ្រប់វិស័យ។

លោកស្រី បានបន្តថា នៅក្នុងរាជធានីភ្នំពេញ មានការអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធគួរឲ្យកត់សម្គាល់ ក្នុងនោះរួមមាន ការសាងសង់អគារខ្ពស់ៗ ផ្លូវក្រវ៉ាត់ ក្រុងធំៗ ស្ពានអាកាសធំៗ ស្ពានដែក ផ្លូវដែកថ្មីៗជាច្រើនខ្សែ ផ្លូវថ្នល់តូចធំ ផ្លូវក្រោមដី ប្រព័ន្ធលូបង្ហូរទឹក ប្រឡាយទឹក ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ ជាក់ស្តែងផ្លូវបេតុង ១ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនានេះ អាចនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។

បន្ថែមពីនេះលោកស្រី គឹម ញឹប ក៏បានណែនាំគណៈកម្មការគ្រប់គ្រងគម្រោងខណ្ឌ ដែលជាម្ចាស់គម្រោងត្រូវតែតាមដាន និងយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះក្រុមហ៊ុន ទទួលការក្នុងការអភិវឌ្ឍគម្រោងនៅគ្រប់ដំណាក់កាលទាំងអស់ ចាប់តាំងពីដំណើរការបើកការដ្ឋានដំបូង រហូតដល់បញ្ចប់ការដ្ឋានជាស្ថាពរ និងត្រូវតែជួសជុលឡើងវិញ ករណីមានការខូចខាត។ ត្រូវតែធ្វើការណែនាំ និងហ៊ានសរសេរនូវរាល់ចំណុចអសកម្មទាំងឡាយណារបស់ក្រុមហ៊ុន ដែលមិនបានអនុវត្តតាមកិច្ចសន្យា ទៅក្នុងសៀវភៅ តាមដានការដ្ឋាន ។

លោកស្រីអភិបាលខណ្ឌដង្កោ បានគូសបញ្ជាក់ថា ចំពោះក្រុមហ៊ុន ត្រូវខិតខំធ្វើយ៉ាងណារក្សាឲ្យបាននូវក្រមសីលធម៌ និងគោរពឲ្យបានជាដាច់ខាតនូវបទដ្ឋានបច្ចេកទេស និងផែនការការងារ ដែលមានចុះក្នុងកិច្ចសន្យាទទួលការ ដែលខ្លួនបានចុះហត្ថលេខាកន្លងមក។

ដោយឡែកមន្ត្រីបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ ត្រូវពិនិត្យមើលលើលក្ខណៈបច្ចេកទេសក្នុងករណីពិនិត្យមើលឃើញមានលក្ខណៈណាមួយខុសពីបទដ្ឋានបច្ចេកទេស ត្រូវឲ្យក្រុមហ៊ុនធ្វើការកែតម្រូវជាបន្ទាន់ ធ្វើយ៉ាងណាឱ្យការស្ថាបនាបផ្លូវបានល្អ និងប្រើប្រាស់បានយូរអង្វែងផងដែរ៕