(តាកែវ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយមន្រ្តីនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកបាទី ដោយមានការចូលរួមពីកងកម្លាំងទាំងអស់ នៃអធិការនគរបាលស្រុកបាទី និងមន្រ្ដីនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោមឱវាទទាំងអស់។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានជម្រាបជូនលោកស្នងការនគរបាលខេត្ត អំពីស្ថានភាពទូទៅនៃកងកម្លាំងនគរបាលស្រុកបាទី ក្នុងការបំពេញតួនាទីភារកិច្ចនាពេលកន្លងមក ដោយអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្ដិកៈរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពទន់ភ្លន់ ទៅតាមបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ចេញ។

លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានសម្ដែងនូវការកោតសរសើរ ចំពោះមន្រ្ដីនគរបាលនៃអធិការដ្ឋានស្រុកបាទីទាំងមូល ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយឆន្ទៈ និងមនសិការខ្ពស់។

ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តដល់មន្រ្ដីនគរបាលទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត។

ក្រោយពីបានមានមតិសំណេះសំណាល លោកឧត្ដមសេនីយ៍ទោស្នងការ បានប្រគល់ជូន ប័ណ្ណសរសើរ លិខិតសរសើរ និងវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាដល់អង្គភាព និងមន្រ្តីនគរបាលជាតិ នៃអធិការរដ្ឋាននគរបាលស្រុកបាទី ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចកន្លងមក។ ក្នុងឪកាសនេះដែរលោកឧត្ដមសេនីយ៍ទោស្នងការ បានឧបត្ថម្ភថវិកាចំនួន ១ ០០០ ០០០រៀល ដល់អធិការដ្ឋាននគរបាលស្រុកបាទី៕