(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធបណ្ណាល័យ «យ៉ូវ ឆុំ» និងសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ថិតនៅមិត្តស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នៅក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ៤៣០នាក់ លោករដ្ឋមន្រ្តី វង សូត បានកោតសរសើរលោក កែវ ពិសិដ្ឋ និងលោកស្រី ស៊ឹម សុផល រួមនឹងកូនចៅលោកតា «យ៉ូវ ឆុំ» និងលោក ណាយ សោភាត់ ដែលបានសាងសង់បណ្ណាល័យដ៏ស្គឹមស្គៃនៅបរិវេណវិទ្យាភ្នំស្រុក ដើម្បីតម្កល់ប្រយោជន៍ និងចែករំលែកទម្លាប់ការអានដល់សិស្សានុសិស្សអភិវឌ្ឍន៍សមត្ថភាព ឆ្លើយតបនឹងការជឿនលឿនសព្វថ្ងៃ។

ជាអតីតសិស្សដែលធ្លាប់សិក្សារៀនសូត្រនៅវិទ្យាល័យនេះផង ពិសេសដើម្បីរំលឹកគុណដល់លោកឪពុក «យ៉ូវ ឆុំ» ជាសាស្ត្រាចារ្យ និងអ្នកម្តាយ ណាយ សោភាត់ ទើបលោក កែវ ពិសិដ្ឋ បានចំណាយថវិកាសាងសង់បណ្ណាល័យនេះ ដែលស្តែងពីគុណតម្លៃការអប់រំ បម្រើផលប្រយោជន៍សាធារណៈយ៉ាងធំធេង ចាក់គ្រឹះក្នុងសង្គមជាតិ ពិសេសមនុស្សជំនាន់ក្រោយតាមជនបទ។

បណ្ណាល័យ «យ៉ូវ ឆុំ» បានបំពាក់សៀវភៅរាប់រយក្បាល ច្រើនចំណងជើង ច្រើនវិស័យផ្នែក បម្រើដល់ការអាន និងសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស ក៏ដូចជាមហាជនទូទៅ។ បណ្ណាល័យ «យ៉ូវ ឆុំ» បានចាត់ទុកជាបណ្ណាល័យធំ មានរចនាបទស្អាតជាងគេ នាពេលបច្ចុប្បន្ន ក្នុងចំណោម សាលារៀនដែលមានជាង៨០០ នៅក្នុងខេត្តបន្ទាយមានជ័យ៕