(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច គ្រោងរៀបចំធ្វើសមាជគណបក្ស នៅអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីថ្វាយព្រះរាជតួនាទីដល់ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ព្រះបុត្រាច្បង នៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ធ្វើប្រធានគណបក្សជាផ្លូវការ។ នេះបើតាម លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ការរៀបចំក្បាលម៉ាស៊ីនគណបក្សរាជានិយមនេះគឺដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ ខាងមុខ។

បើតាមអ្នកការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សដដែល បានឱ្យដឹងថា មុនពេលដែលសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ទ្រង់ចូលទិវង្គត ព្រះអង្គទ្រង់សម្រេចប្រទានសិទ្ធិថ្វាយដល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ឱ្យធ្វើជាប្រធានស្តីទី សម្រាប់ដឹកនាំគណបក្សបន្ទាប់ពីព្រះអង្គអវត្តមានដោយសារគ្រោះថ្នាក់ចរាចរណ៍។

លោក ញឿន រ៉ាដែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គណបក្សហ្វ៊ុនស៊ុនប៉ិច គ្រោងរៀបចំធ្វើសមាជឆាប់ៗនេះ ពីព្រោះដូចអ្វីដែលយើងបានដឹងយើងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ លោកទទួលសិទ្ធិក្នុងការដឹកនាំគណបក្ស ពីសម្តេចក្រុមព្រះ មុនលោកចូលទិវង្គត ហើយលិខិតផ្ទេរសិទ្ធិនោះបាន បានប្រទានសិទ្ធិទៅឱ្យលោក (ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ) ដឹកនាំគណបក្សបន្តពីព្រះអង្គ ហើយពិសេស ដើម្បីឱ្យស្របទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងច្បាប់ជាធរមាន អញ្ចឹងយើងត្រូវតែរៀបចំសមាជឱ្យស្របទៅតាមច្បាប់ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ»

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានទទួលស្គាល់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ជាព្រះប្រធានរួចហើយ ប៉ុន្តែមិនទាន់បានបំពេញកាតព្វកិច្ច តាមច្បាប់ជាធរមានស្របតាមលក្ខន្តិកៈ ដែលត្រូវបានតម្កល់ នៅក្រសួងមហាផ្ទៃ។ ដូច្នេះគណបក្សនឹងរៀបចំធ្វើសមាជរបស់ខ្លួន នៅអំឡុងខែមករា ដើម្បីថ្វាយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលបច្ចុប្បន្នជាប្រធានស្តីទីឱ្យកា្លយជាប្រធានគណបក្សពេញសិទ្ធិ។

លោក ញឿន រ៉ាដែន បានគូសបញ្ជាក់ថា៖ «យើងកំណត់រួចហើយនឹងរៀបចំធ្វើ នៅក្នុងអំឡុងខែមករា ពីព្រោះច្បាប់បានចែងច្បាស់ថាបន្ទាប់ពីអវត្តមានប្រធានរយៈពេល៦០ថ្ងៃ គឺគណបក្សនឹងរៀបចំក្បាលថ្នាក់ដឹកនាំថ្មីមួយ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងបោះឆ្នោត២០២៣ខាងមុខ»

ជុំវិញប្រជាប្រិយភាពរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលគ្រោងនឹងទទួលតំណែងជាប្រធានគណបក្សថ្មីនេះ ដែលលោក ញឿន រ៉ាដែន បានអះអាងថា គណបក្សហ្វ៊ុនស៊ិនប៉ិច នៅតែបន្តទទួលបានប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋខ្មែរដដែល ពីព្រោះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ បានដង្ហែសម្តេចក្រុមព្រះ ជាយូរណាស់មកហើយ ជាពិសេសលោកជាបញ្ញវន្ត និងជាយុវជនមួយរូបដែលគណបក្សគិតថាព្រះអង្គ ទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសមាជិក សមាជិកា របស់គណបក្សបន្ថែមទៀត៕