(ភ្នំពេញ)៖ ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក លោក ជិន ប៊ុនធាន បានបង្ហាញនូវការគាំទ្រយ៉ាងមុតមាំជាទីបំផុត ចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរសញ្ជាតិអាមេរិករូបនេះ ជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងអាចដឹកនាំប្រទេសដោយរក្សាបាននូវសុខសន្តិភាព ហើយជំរុញការអភិវឌ្ឍឱ្យកាន់តែប្រសើរថែមទៀត។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសជាសាធារណៈដោយគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន របស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា បេក្ខភាពនាយករដ្ឋមន្ត្រីនេះ នឹងត្រូវសម្រេចជាផ្លូវការក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះដែរ។

ការប្រកាសដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនេះ គឺជាការបង្ហាញនូវការរៀបចំដ៏ច្បាស់លាស់មួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អ្នកបន្តវេនរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ក្រោយមួយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជាទាំងមូល ដែលទទួលបានការសិក្សាជ្រៅជ្រះ ដោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។

ក្រៅតែពីប្រជាពលរដ្ឋនៅក្នុងប្រទេសហើយនោះ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវការពេញចិត្តរបស់ខ្លួនចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនផងដែរ។

លោក ជិន ប៊ុនធាន ប្រជាពលរដ្ឋខ្មែរចេញទៅរស់នៅសហរដ្ឋអាមេរិកអស់រយៈពេលប្រមាណ ៣០ឆ្នាំមកហើយនោះ បានមើលឃើញថា លោក ហ៊ុន ម៉ាណែត ជាបញ្ញវន្ត ជាកុលបុត្រខ្មែរ ដែលមានទាំងវិជ្ជាសម្បត្តិ ចរិយាសម្បត្តិ និងរូបសម្បត្តិ ស័ក្តិសម្បត្តិបំផុតជាមេដឹកនាំបន្តវេនរបស់កម្ពុជា។

ពលរដ្ឋខ្មែរសញ្ញាតិអាមេរិករូបនេះ បានអះអាងថា ទាំងរូបលោក និងក្រុមគ្រួសារ ពេញចិត្ត ហើយគាំទ្រពេញទំហឹងចំពោះការដាក់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។ លោក ប៊ុនធាន ជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងដណ្តើមបាននូវប្រជាប្រិយភាព និងការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោត៥ឆ្នាំម្តងនោះ។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ Fresh News លោក ជិន ប៊ុនធាន បានអះអាងបែបនេះ «មិនត្រឹមតែចំណេះដឹង ឬក៏បទពិសោធន៍ក្នុងការងារដឹកនាំទេ គាត់មានទាំងរូបសម្បត្តិ និងចំណុចទាក់ទាញប្រជាជនមួយផ្នែកទៀត ហើយនឹងសុជីវធម៌ ការអត់ធ្មត់ ហើយមានការយកចិត្តទុកដាក់ចំពោះកូនចៅក្រោមបង្គាប់។ ខ្ញុំជឿជាក់១០០ភាគរយថា លោកនឹងទទួលបានការទាក់ទាញ និងគាំទ្រពីប្រជាពលរដ្ឋភ្លូកទឹកភ្លូកដី»

ខ្មែរសញ្ជាតិអាមេរិករូបនេះ ក៏បានមើលឃើញ និងជឿជាក់ដែរថា លោក ហ៊ុន ម៉ាណែត ក៏នឹងក្លាយជាមេដឹកនាំបន្តវេនដែលមានសមត្ថភាព ក្នុងការដឹកនាំដើម្បីរក្សាឱ្យបាននូវសុខសន្តិភាពបន្តពីសម្តេចតេជោ ហ៊ុន សែន ហើយក៏នឹងបង្កើតបាននូវស្នាដៃថ្មីៗសម្រាប់ជាតិមាតុភូមិ ក្រោមការជួយជ្រោមជ្រែងពីសេនាធិការនៅជុំវិញខ្លួនរបស់លោក ដែលលោកបានកសាងនាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មានវ័យ ៤៤ឆ្នាំ បច្ចុប្បន្នលោកមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។ សម្រាប់កិច្ចការងារនយោបាយវិញ លោក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានវ័យក្មេងជាងគេ ហើយលោកក៏ជាប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕