(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតយើងទាំងអស់គ្នា បន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ»

ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណទីស្នាក់ការអនុសាខាស្រុកកំពង់សៀម ក្រោមអធិបតីលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ដោយមានការចូលរួម ពីយុវជនកាកបាទក្រហមកម្ពុជាមកពី ៤គ្រឹះស្ថានសិក្សា សរុបចំនួន១៦៨នាក់។

ស្ថិតក្នុងឱកាសនោះ បន្ទាប់ពីបានអានទាំងស្រុងនូវសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក អ៊ុន ចាន់ដា បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្មួយៗជាយុវជន និងបងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានខិតខំប្រឹងប្រែងតស៊ូយ៉ាងស្វិតស្វាញ ពុះពារឧបសគ្គ និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្មផ្តល់សេវាកម្មមនុស្សធម៌ ពិសេសក្នុងបរិការណ៍ នៃការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងបាននាំសារគន្លឹះទប់ស្កាត់ហានិភ័យ នៃការឆ្លងជំងឺដ៏កាចសាហាវនេះយកទៅអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព និងមធ្យោបាយមិនខ្លាចនឿយហត់ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និង ទីកន្លែងនានាក្នុងសហគមន៍ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

លោកប្រធានគណៈកម្មាធិការសាខា បានពាំនាំរំឭក សេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចំពោះយុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយអ្នកងាយរងគ្រោះបំផុត និងអ្នករងគ្រោះឲ្យបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា, មិនទុកនរណាម្នាក់ចោល និងបន្តខិតខំសម្រេចឲ្យបានបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល»

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ បងប្អូនពលរដ្ឋ បន្ដពង្រឹងការការពារសុខភាពឱ្យបានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ ដោយប្រកាន់ខ្ជាប់វិធានការសុខាភិបាល «៣ការពារ ៣កុំ» ដើម្បីសុខុមាលភាពរបស់បុគ្គលម្នាក់ៗរបស់ក្រុមគ្រួសារជាទីស្រឡាញ់របស់សហគមន៍ និងសង្គមជាតិយើង៕