(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋជាម្ចាស់ផ្ទះចំនួន១៣ល្វែង មានចំនួន១២គ្រួសារ ស្ថិតនៅទីប្រជុំជនផ្សារក្រោម ក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង គិតត្រឹមព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានស្ម័គ្រចិត្តដឹកជញ្ជូនអីវ៉ាន់ ចាកចេញពីផ្ទះទ្រុឌទ្រោមទាំង១៣ល្វែងនេះហើយ តាមការណែនាំរបស់រដ្ឋបាលក្រុង-ខេត្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ ព្រោះថាផ្ទះថ្មទាំង១៣ល្វែងនេះ មានអាយុកាលជាង៩០ឆ្នាំ ទៅហើយ ដែលអាចបាក់រលំបង្កគ្រោះថ្នាក់ដល់អ្នកស្នាក់នៅ។ នេះបើតាមលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh Nesw នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក សាន់ យូ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានណែនាំដល់ប្រជាពលរដ្ឋទាំងនោះ ដោយយោងតាមលិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពីករណីចុះត្រួតពិនិត្យ សំណង់អាគារ១៣ល្វែងនេះ និងសេចក្តីជូនដំណឹងចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តស្តីពី ការត្រួតពិនិត្យវាយតម្លៃគុណភាពសំណង់អាគាររបស់ប្រជាពលរដ្ឋទាំង១២គ្រួសារ។

យោងតាមលិខិតរបស់មន្ទីរវប្បធម៌ខេត្ត កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «ផ្ទះថ្មទាំង១៣ល្វែងនេះ បានកសាងឡើងនៅក្នុងជំនាន់អាណានិគមនិយម បារាំងក្នុងឆ្នាំ១៩៣១ ពោលមានអាយុកាលជាង៩០ឆ្នាំហើយ។ មកដល់ពេលនេះផ្ទះថ្មទាំង១៣ល្វែង មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង អាចនឹងបាក់ស្រុតបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាម្ចាស់ម្ចាស់ផ្ទះដែលកំពុងស្នាក់នៅ»

លោក សាន់ យូ បានគូសបញ្ជាក់ថា៖ «ដោយមើលឃើញហេតុផលនេះ រដ្ឋបាលក្រុង-ខេត្ត ស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងអាគារទាំង១៣ល្វែងទាំង១២គ្រួសារ កំពុងស្នាក់នៅខាងលើនេះត្រូវចាកចេញពីអគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ជាកំហិត ផុតថ្ងៃកំណត់អាជ្ញាធរនិងចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់»

បើតាមលោកអភិបាលរងខេត្ត ប្រជាពលរដ្ឋទាំង១២គ្រួសារ ជាម្ចាស់ផ្ទះ១៣ល្វែង បានស្ម័គ្រចិត្តចាកចេញមុនថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ហើយរដ្ឋបាលខេត្តជួយសម្របសម្រួលជូន លើឯកសារគតិយុត្តិទាំងឡាយរួមមាន ការសុំច្បាប់វាយកម្ទេចអគារទ្រុឌទ្រោមចេញការសុំច្បាប់ សាងសង់សំណង់អគារឡើងវិញ និងការគូរប្លង់សង់អគារផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ ស្ត្រីម្នាក់ឈ្មោះ កែវ ពៅ ជាម្ចាស់ផ្ទះ១ល្វែង ក្នុងចំណោម១៣ខាងលើ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង ឱ្យដឹងថា៖ «កន្លងមកអាជ្ញាធរក្រុង និងខេត្តចេះតែតែសំណូមពរឱ្យពួកគាត់ចាកចេញពីផ្ទះទាំង១៣នេះ ហើយបានសន្យាតែមាត់តែពុំមានក្រដាសស្នាមអ្វីទេថានឹងជួយសម្រួលច្បាប់ក្នុងការការវាយកម្ទេចផ្ទះទាំង១៣ល្វែងនេះចោល និងជួយសម្រួលច្បាប់ ក្នុងការសុំធ្វើផ្ទះល្វែងទាំង១៣ល្វែងខាងលើនេះឡើងវិញជាដើម៕