(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះក្នុងពេលមានធាតុអាកាសត្រជាក់ចូលមកដល់ ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់។

ការអំពាវនាវបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសលោកចុះជួបសំណេះសំណាល និងនាំអំណោយមនុស្សធម៌រួមមានអាវរងា ភួយ និងស្បៀងអាហារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ជនចាស់ជរាក្រីក្រគ្មានទីពឹង ចាស់ជរា ក្រីក្រគ្មានទីពឹង ចំនួន៣២០នាក់ មកពីសង្កាត់ទាំង៤ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ ក៏បានលើកឡើងពីគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំដឹកប្រទេសជាតិពីបាតដៃទទេរហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាបជាដើម។ ឆ្លៀតនាឱកាសនោះដែរ លោកក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត។

លោកអភិបាលខេត្ត បានបញ្ជាក់ថា «ការចែកអំណោយនេះធ្វើឡើងដើម្បីឆ្លើយតបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអំពាវនាឱ្យអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះក្នុងពេលមានធាតុអាកាសត្រជាក់ ចូលមកដល់ដើម្បីរក្សាភាពកក់ក្តៅ និងសុវត្ថិភាពក្នុងពេលអាកាសធាតុចុះត្រជាក់»

លោកបានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យមនុស្សវ័យចំណាស់ទាំងអស់បន្តថែទាំសុខភាព ទោះបីជាប្រមុខរាជរដ្ឋាភិបាល បានសម្រេចឱ្យបើកប្រទេសឡើងវិញក៏ដោយ និងបានសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងកាលៈទេសៈដែលកម្ពុជា មិនទាន់បានបញ្ចប់ជំងឺកូវីដ១៩ នៅឡើយ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចាស់ជរាទាំង ៣២០នាក់ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្ដាល ដោយក្នុងម្នាក់ទទួលបាន៖ ភួយ១ អាវរងា១ មី ១កេស ត្រីខ ១យួរ ជែលលាងដៃ ១ដប សាប៊ូ ១ដុំ និងម៉ាស់ ១០បន្ទះ និងថវិកា៥ម៉ឺនរៀល៕