(កំពត)៖ នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា និងជាប្រធានលេខាធិការដ្ឋានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា​ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយចំនួន រួមមាន ភូមិម៉ាកប្រាង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត, ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត, ភូមិទ្វីបខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត។

លោក រ៉ូហ្វី អូស្មាន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងលោកស្រី ជូនចំពោះប្រជាពលរដ្ឋ ដោយក្តីនឹករលឹកនិងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោកក៏បានរំលេចអំពីគុណសម្បត្តិមហាសាលដែលកើតចេញក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋដែលជានិច្ចកាលតែងតែបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

បន្ថែមលើនោះ លោកក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យបើកវិហារឥស្លាមទាំងអស់នៅកម្ពុជាឡើងវិញ ដែលពីមុនអនុញ្ញាតឲ្យមានការជួបជុំត្រឹមតែ២០០នាក់ សម្រាប់វិហារឥស្លាមនីមួយៗប៉ុន្តែក្រោយមក ដោយស្ថានកូវីដ១៩ នៅកម្ពុជាមានការអន់ថយ រដ្ឋាភិបាលបានអនុញ្ញាតជាលក្ខណៈទូលំទូលាយតាមទំហំនៃវិហារនីមួយៗតែម្ដង។

ស្របជាមួយគ្នានេះដែរ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សា ការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តគោលការណ៍៣កុំ និង៣ការពារ ដើម្បីទទួលបានសុខសុវត្ថិភាព និងជំនះបាននូវការរាលដាលជម្ងឺនេះក្នុងសហគមន៍ និងប្រទេសរបស់យើង។

ក្នុងពិធីនោះ លោក លាង រឿនសុធី អភិបាលក្រុងកំពត និងលោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានថ្លែងអំណរគុណដល់ក្រុមការងាររបស់គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋខ្វះខាត ជាពិសេសនៅក្នុងខេត្តកំពត។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលដល់អាយុបោះឆ្នោតទាំងអស់ឲ្យទៅចុះឈ្មោះបោះឆ្នោត និងចំពោះអ្នកដែលមានអត្តសញ្ញាណប័ណ្ណចាស់ សូមទៅប្ដូរយកអត្តសញ្ញាណប័ណ្ណថ្មីឲ្យបានគ្រប់ៗគ្នាផងដែរ។

គួរជម្រាបថា កម្មវិធីបានប្រគល់ផ្ទះចំនួន១៤ខ្នង អណ្ដូងសុីទែន ចំនួន៣២អណ្ដូង អណ្ដូងស្នប់ចំនួន៦៧អណ្ដូង បង្គន់អនាម័យ ចំនួន៧ និងថវិកាចំនួន១០០ដុល្លារ តាមរយៈលោក សុះ សារី សមាជិកគណៈចលនាស្រុកទឹកឈូ។

បន្ថែមពីនោះទៀត កម្មវីធីក៏បាននាំនូវអំណោយមនុស្សធម៌ជាឯកសណ្ឋានថ្វាយបង្គុំដល់ស្រ្តីមុស្លិម ចំនួន៧០កំផ្លេ ជាការឧបត្ថម្ភពីលោក លី មូសា ជាគណៈអ៉ីម៉ាំស្រុកកោះសូទិន កញ្ចប់អាហារ៣៥កញ្ចប់ តាមរយៈលោក ណុៈ ពិតទ្រី សមាជិកគណៈចលនាស្រុកទឹកឈូ ដែលសរុបជាថវិកាសម្រាប់កម្មវិធីទាំងមូលមានចំនួន៩៨,១៤០ដុល្លារ៕