(បាងកក, ថៃ)៖ ក្នុងដំណើរបំពេញការងារនៅក្នុងប្រទេសថៃ ដើម្បីស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍រវាងកម្ពុជា និងថៃនោះ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក សុផាត់ពង្ស ផាន់មីឆាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងថាមពលរបស់ថៃ។

ជំនួបនេះធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា-ថៃ និងផ្លាស់ប្តូរទស្សនៈយោបល់ ក៏ដូចជាស្វែងរកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងក្រោយវិបត្តិកូវីដ១៩។

លោកបណ្ឌិត សុខ សុក្រឹត្យា បានប្រាប់ Fresh News ថា នៅក្នុងជំនួបនោះ លោកបានជម្រាបឧបនាយករដ្ឋមន្ត្រីថៃពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ជាពិសេសក្នុងនាមជាអគ្គមគ្គុទ្ទេសក៍ឆ្នើមរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបិទបញ្ចប់ភ្លើងសង្គ្រាម នាំមកនូវសុខសន្តិភាព ស្ថេរភាព និងកសាងជាតិកម្ពុជាឱ្យរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកបណ្ឌិត សុខ សុក្រឹត្យា បានឱ្យដឹងទៀតថា ក្នុងជំនួបនោះ លោកក៏បានលើកឡើងពីភាពជោគជ័យនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋគ្រប់ពីរដូសស្ទើរទូទាំងប្រទេស ហើយកំពុងបន្តចាក់ដូសជំរុញ ឬដូសទី៣បន្ថែមទៀត។ ជោគជ័យលើការចាក់វ៉ាក់សាំងនេះ បានធ្វើឱ្យការឆ្លងមេរោគកូវីដ១៩ បានធ្លាក់ទាបបំផុត ហើយធ្វើឱ្យកម្ពុជាបើកសកម្មភាពសង្គម សេដ្ឋកិច្ច និងអាជីវកម្មទាំងស្រុងឡើងវិញផងដែរ។

នៅក្នុងជំនួបនេះលោកបណ្ឌិត សុខ សុក្រឹត្យា និងលោក សុផាត់ពង្ស ផាន់មីឆាវ ក៏បានពិភាក្សារការងារពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា-ថៃ, ជជែកពីការផ្លាស់ប្តូរយោបល់រកវិធានការបញ្ចុះតម្លៃប្រេងឥន្ធនៈ និងផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។ ភាគីទាំងពីរ ក៏បានពិភាក្សាទាក់ទិនការពង្រឹងកិច្ចសហប្រតិបត្តិខាងផ្នែកវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ និងដំណើរការស្ថានីយប្រេងឥន្ធនៈ និងហាងការហ្វេរបស់ក្រុមហ៊ុន PTT នៅក្នុងកម្ពុជា។

លោក សុផាត់ពង្ស ផាន់មីឆាវ ក្នុងជំនួបនេះ ក៏បានចែករំលែកបទពិសោធន៍ និងចំណាប់អារម្មណ៍មកលើសក្តានុពលវិស័យទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា។ លោកបានបញ្ជាក់ថា កម្ពុជា ជាប្រទេសដ៏អស្ចារ្យមួយដែលមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែបផ្នែកវប្បធម៌ បេតិកភណ្ឌ និងធនធានធម្មជាតិ ដែលជាឱកាសដ៏ពិសេសក្នុងការស្រូបទាញវិនិយោគិនបរទេសមកវិនិយោគលើសេវាកម្មទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីបន្ថែមទៀតឲ្យស្របទៅនឹងនិន្នាការទេសចរក្នុងអំឡុងប្រក្រតីភាពនៃគន្លងថ្មីទាំងក្នុង និងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩។

ពាក់ព័ន្ធវិស័យទេសចរណ៍នេះ លោក សុខ សុក្រឹត្យា បានគូសបញ្ជាក់ផងដែរថា វិស័យទេសចរណ៍ គឺជាវិស័យអាទិភាពមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រសិទ្ធនាមថាជា «មាសបៃតង» ដោយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ អភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ផងដែរ។ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យទេសចរណ៍នេះផងដែរ។

ចុងបញ្ចប់នៃជំនួបពិភាក្សាការងារ លោក សុផាត់ពង្ស ផាន់មីឆាវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងថាមពលថៃ បានថ្លែងអំណរអរគុណលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានផ្តល់កិត្តិយសមកដល់ទីស្តីការក្រសួងថាមពល។ កិច្ចពិភាក្សាបានបិទបញ្ចប់ទៅដោយបរិយាកាសស្និទស្នាល និងមិត្តភាពរវាងប្រទេសទាំងពីរក្នុងឋានៈជាប្រទេសជិតខាង និងជាបងប្អូនស្និទ្ធស្នាលអស់កាលដ៏យូរលង់មកហើយ៕