(ភ្នំពេញ)៖ ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក ហើយគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) បានចេញមកអះអាងថា ការដកសញ្ជាតិអាមេរិកពីប្រជាពលរដ្ឋខ្មែរ ដោយគ្រាន់តែការគាំទ្រគណបក្សប្រជាជនកម្ពុជា គឺជារឿងដែលមិនអាចទៅរួច។ ពលរដ្ឋខ្មែរដែលបានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៩១រូបនេះ បានគូសបញ្ជាក់ថា គ្មានមូលដ្ឋានច្បាប់របស់អាមេរិកចំណុចណាមួយ ដកសញ្ជាតិជនណាម្នាក់ ព្រោះតែការគាំទ្រគណបក្សនយោបាយលើទឹកដីកំណើតខ្លួននោះឡើយ។

ការមកអះអាងរបស់ខ្មែរមានសញ្ជាតិអាមេរិករូបនេះ កើតមានក្រោយពេលទណ្ឌិត សម រង្ស៉ី បានព្រមានពីការស្នើរដ្ឋាភិបាលអាមេរិក ឱ្យដកសញ្ជាតិពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិករូបណា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងដំណើរទៅកាន់ប្រទេសអាមេរិកកាលពីពេលថ្មីៗនេះ។

លោក ជិន ប៊ុនធាន ជាប្រជាពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិកម្នាក់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា។ លោកគាំទ្រ ព្រោះតែពេញចិត្តចំពោះការដឹកនាំរបស់គណបក្សនយោបាយចាស់ទុំមួយនេះ ធ្វើឱ្យសង្គមកម្ពុជាមានការរីកចម្រើនលូតលាស់ និងធ្វើឱ្យជាតិកាន់តែមានកិត្តិយសលើឆាកអន្តរជាតិ។

ក្នុងបទសម្ភាសន៍ជាមួយ Fresh News ពេលអញ្ជើញមកលេងនៅកម្ពុជា លោក ជិន ប៊ុនធាន បានគូសបញ្ជាក់ថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី គឺជារឿងដែលនិយាយឱ្យរួចតែពីមាត់ប៉ុណ្ណោះ គ្មានមូលដ្ឋានច្បាប់អាមេរិកណាមួយ ទៅដកសញ្ជាតិពីបុគ្គលណាម្នាក់ ព្រោះតែការគាំទ្រគណបក្សនយោបាយនោះឡើយ។

លោក ប៊ុនធាន បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម រង្ស៉ី បើនិយាយពាក្យអាក្រក់ស្តាប់បន្តិច គេហៅថា [ឆ្កែព្រុសមិនដែលខាំ]។ គាត់និយាយផុតពីរឿងមួយទៅមួយ។ បុគ្គលហ្នឹងអត់បានការ គាត់និយាយហ្នឹងអត់ពិត អត់មានមូលដ្ឋានច្បាប់»

ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិករូបនេះ បានអះអាងថា បុគ្គលម្នាក់ដែលរដ្ឋាភិបាលអាមេរិកដកសញ្ជាតិនោះ លុះត្រាបុគ្គលនោះ ជាជនគាំទ្រសកម្មភាពភេរវកម្ម គាំទ្រជនភេរវករ ឬក៏ទៅសុំលាលែងពីសញ្ជាតិជាដើម។ តែសម្រាប់ការគាំទ្រគណបក្សនយោបាយណាមួយ គឺពលរដ្ឋនៅអាមេរិកមានសិទ្ធិពេញលេញ។

លោក ប៊ុ នធាន បានឱ្យដឹងថា សម្រាប់រូបលោកគ្មានការព្រួយបារម្ភអ្វីទាំងអស់ ចំពោះសម្តីទណ្ឌិត សម រង្ស៉ី ព្រោះវាជារឿងមិនអាចកើតឡើងនោះឡើយ។

ការលើកឡើងពីការធ្វើយុទ្ធនាការ ដើម្បីដកសញ្ជាតិអាមេរិក ពីពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក មិនមែនជារឿងថ្មីនោះឡើយ។ កន្លងទៅពួកគេ ក៏បានព្រមាននូវការធ្វើបែបនេះដែរ តែទីបំផុត គឺមិនមានលទ្ធផលអ្វីទាំងអស់។

ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នាពេលនេះ ត្រូវបានបងប្អូនខ្មែរមានសញ្ជាតិអាមេរិកមួយចំនួនមើលឃើញថា គ្រាន់តែស្រែកដើម្បីផ្គាប់ចិត្តអ្នគាំទ្ររបស់ខ្លួននៅអាមេរិក ហើយគ្រាន់តែជារបៀបវារៈដែលធ្វើឡើង ដើម្បីស្វែងរកលុយពីអ្នកគាំទ្ររបស់ខ្លួន ក្រោមហេតុផលទ្រទ្រង់ និងបម្រើដល់នីតិវិធីរបស់ពួកគេ។ ពួកគេបានប្រដូចការលើកឡើងរបស់ទណ្ឌិត ប្រៀបដូចជាកូនក្អាត់យំរកទឹកភ្លៀងយ៉ាងដូច្នោះដែរ។

ចាប់តាំងពីថ្ងៃទណ្ឌិត សម រង្ស៉ី បានប្រកាសនូវការព្រមាននោះមក មកដល់ពេលនេះមិនមានផែនការសកម្មភាពណាមួយលេចចេញជារូបរាងនោះឡើយ ជាការគំរាមកំហែង ឬនាំឱ្យខ្មែរសញ្ជាតិអាមេរិក មានការព្រួយបារម្ភទាល់តែសោះនោះឡើយ៕