(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចំាការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធាន ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព នាល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១។

កម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិនេះ រៀបចំឡើងដោយវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍(NIEI) ក្រោមកិច្ចសហការ ក្នុងភាពជាដៃគូជាមួយ សហគ្រិនខ្មែរ(KE)។

នេះជាលើកទី២ហើយ ដែលវិទ្យាស្ថានជាតិសហគ្រិនភាពនិងនវានុវត្តន៍ និងសហគ្រិនខ្មែរ បានរួមគ្នាបង្កើត ឱ្យមាន កម្មវិធីប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់វិស័យ សហគ្រិនភាពនៅកម្ពុជា តាមរយៈការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់សហគ្រិនក្នុងការគ្រប់គ្រង សហគ្រាសធុនតូច និងមធ្យម ព្រមទាំងដើម្បីពង្រឹង និងពង្រីកភាពជាដៃគូររវាងវិស័យសាធារណៈ និង វិស័យឯកជន។

តាមរយៈការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងប្រកបដោយសុក្រឹតភាពអស់រយៈពេលប្រមាណ៣ខែ កន្លងមកនេះ កម្មវិធីបានរកឃើញ បេក្ខជនជាជ័យលាភីចំនួន២០រូបមកពី៥តំបន់ផ្សេងៗគ្នានៅ ទូទាំងប្រទេសដើម្បីចូលរួមធ្វើបទបង្ហាញអំពីគំរូអាជីវកម្ម និងសក្តានុពលរបស់ខ្លួនក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ ចំពោះមុខគណៈកម្មការចំនួន៧រូប ដែលមកពីអង្គភាព-ស្ថាប័នចម្រុះ។

ជាលទ្ធផល កម្មវិធីក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ទំាង៤រូប ដែលរួមមាន៖
ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោកស្រី រី ថានី (ម្ចាស់អាជីវកម្ម នរា អង្គរ ហេនឌីក្រាហ្វ ឯ.ក មកពីខេត្តសៀមរាប)
ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោក យិន សុភាព (ម្ចាស់អាជីវកម្ម សាលារៀនគ្រូយើង មកពីខេត្ត រតនៈគិរី)
ម្ចាស់ជ័យលាភីលេខ២បានទៅលើ លោកស្រី ឆាប៉ូច អឹប៉េពណ៍រេណាថាលីម៉ារី (ម្ចាស់អាជីវកម្ម ឡាផ្លេនថេសិន មកពីខេត្តកំពត)
ម្ចាស់ជ័យលាភីលេខ១បានទៅលើ លោក ហៃ លីអ៊ាង (ម្ចាស់អាជីវកម្ម ខនហ្វីរេល មកពីរាជធានីភ្នំពេញ) ។

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ និងសហគ្រិនខ្មែរ មានមោទនភាពដែលកម្មវិធីពានរង្វាន់ សហគ្រិនថ្នាក់ជាតិឆ្នាំ២០២១ ទទួលបានការដាក់ពាក្យចូលរួមរហូតដល់ ២១០ ក្រុមហ៊ុន ខ្ពស់ជាង ឆ្នាំមុនប្រមាណ ១៦% ពីទូទាំងប្រទេសកម្ពុជា មាន២៥រាជធានី-ខេត្តដែលបែកចែកទៅជា៥តំបន់រួមមាន តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល៕