(ភ្នំពេញ)៖ យ៉ាងហោចណាស់មានគ្រាប់បែកចង្កោម, គ្រាប់បែកទម្លាក់ពីយន្តហោះ និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់សហរដ្ឋអាមេរិក ចំនួន១៥៨៣៧គ្រាប់ ត្រូវបានកម្លាំងជំនាញរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) រកឃើញ និងកម្ទេចចោល នៅរយៈពេល១១ខែ ឆ្នាំ២០២១នេះ។

យោងតាមរបាយកាណ៍របស់អង្គភាពស៉ីម៉ាក់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះបានបញ្ជាក់ថា គិតពីខែមករា ដល់ ខែវិច្ឆិកា ឆ្នាំ២០២១ អង្គភាពស៉ីម៉ាក់រកឃើញ និងកម្ទេចចោល គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ M117, MK82 ចំនួន៤៣គ្រាប់, កូនគ្រាប់បែកចង្កោម (Cluster) ចំនួន៨,០៦៤គ្រាប់ គ្រាប់បែកប្រភេទនេះចាស់ៗតែងហៅឈ្មោះថា ប៉ុមប៊ី និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ (UXO) របស់អាមេរិកចំនួន ៧,៧៣០គ្រាប់។

បើតាមមន្ត្រីជាន់ខ្ពស់ស៉ីម៉ាក់បានបញ្ជាក់ថា គ្រាប់បែកទាំងនោះត្រូវបានរកឃើញភាគច្រើន នៅតាមបណ្តាខេត្តជាប់ព្រំដែនវៀតណាម តែក៏មានរកឃើញនៅក្នុងខេត្តមួយចំនួនដូចជា ខេត្តកណ្តាល ភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ កំពតផងដែរ។ គ្រាប់បែកទម្លាក់របស់អាមេរិក ពិសេសគ្រាប់បែកចង្កោម បាននិងកំពុងគំរាមគំហែងដល់ការរស់ នៅរបស់ប្រជាពលរដ្ឋ។ គ្រាប់បែកទាំងនោះ ត្រូវបានរកឃើញជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។

អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួន២លាន៨សែនតោន ដែលទិន្នន័យនេះ ត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០។ ចំនួនគ្រាប់បែកជិត៣លានតោនទាំងនេះ មិនទាន់គិតឡើយពីចំនួនគ្រាប់បែកគីមីនោះទេ គ្រាប់បែកគីមីដែលត្រូវបានរកឃើញជាបន្តបន្ទាប់ នៅលើទឹកដីកម្ពុជាភាគខាងកើត ពិសេសនៅខេត្តស្វាយរៀង។

បើគិតរយៈពេលតែពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៣ នៅការទម្លាក់គ្រាប់បែករបស់អាមរិកលើកម្ពុជា ក្រោមលេសថា តាមកំទេចពួកយៀកកុង យួនឈ្លានពាននោះ បានសម្លាប់ប្រជាជនខែ្មរជាង៥០០,០០០នាក់ ដោយផ្ទាល់ និងកំទេចតែភូមិក ផ្ទះសំបែងខែ្មររាប់ម៉ឺនកន្លែង។ នេះបើតាមទិន្នន័យបង្ហាញដោយអង្គភាពដោះមីន ស៊ីម៉ាក់។

ទម្ងន់គ្រាប់បែករាប់លានតោននេះ មិនត្រឹមតែបានបំផ្លិចបំផ្លាញ នូវហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀន ស្ពាន ផ្លូវថ្នល់ ប៉ុណ្ណោះទេ វាថែមទាំងបានបង្កឲ្យមានក្តីឈឺចាប់ខ្លោចផ្សាណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ចាប់តាំងជំនាន់មុនរហូតមកដល់បច្ចុប្បន្ននេះ។ ពលរដ្ឋខ្មែរជំនាន់មុន ពួកគាត់ខ្លះត្រូវបាត់បង់ជីវិត ខ្លះធ្លាក់ខ្លួនពិការ មានជំងឺផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយសារទម្ងន់គ្រាប់បែកដ៏មហិមា។

កេរ្តិ៍មរតករបស់អាមេរិក គឺគ្រាប់បែកចង្កោមជិត២៧លានគ្រាប់ នៅតែត្រូវបានរកឃើញជាហូរហែមកដល់បច្ចុប្បន្ន វាបន្តគំរាមគំហែងដល់ការរស់នៅរបស់ប្រជាជនខ្មែរ ដែលនេះជាក្តីឈឺចាប់មួយ។

ក្តីឈឺចាប់ខ្លាំងមួយទៀតរបស់ប្រជាជនខ្មែរ គឺបញ្ហាបំណុលកខ្វក់របស់អាមេរិក ក្នុងសម័យ លន់ នល់, បំណុលដែលកម្ពុជាជំពាក់រាប់រយលានដុល្លារនេះ គឺការបន្ថែមការឈឺចាប់ ចំពោះជនរងគ្រោះ និងអ្នកស្លាប់ដោយសារគ្រាប់បែកទម្លាក់ដោយ ទ័កអាកាសរបស់អាមេរិក ដែលគ្រាប់បែកទាំងនោះ ត្រូវបានប្រទះឃើញនៅលើទឹកដីខ្មែរ ជារៀងរាល់ថ្ងៃ។ លើសពីនេះ វាជារឿងអយុត្តិធម៌បំផុត ចំពោះកម្ពុជា ដែលអាមេរិកយកគ្រាប់បែកទម្លាក់ សម្រាប់ប្រជាជនកម្ពុជាហើយ មកទារលុយថ្លៃគ្រាប់បែកនោះទៀត ពិតជាអយុត្តិធម៌ខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានប្រៀបប្រដូចគ្រាប់បែកទម្លាក់ដោយអាមេរិក លើទឹកដីខ្មែរដូចជាញញួរ ឬពូថៅ ដែលគេយកមកសំពងលើក្បាលប្រជាជនខ្មែរ ហើយនៅពេលញញួរនោះប្រឡាក់ឈាម គេថែមទាំងទារលុយថ្លៃសម្អាតញញួរនោះថែមទៀត ដែលអំពើនេះ ជាអំពើអយុត្តិធម៌ និងឈឺចាប់ជាទីបំផុត៕