(ភ្នំពេញ)៖ រដ្ឋបាលជលផល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរសម្រាប់ទុកបរិភោគប្រចាំឆ្នាំ សូមរួសរាន់មកទិញត្រីនៅតាមផ្សារត្រីនានាក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ដោយសារក្នុងពេលខ្នើតប៉ុន្មានថ្ងៃនេះអ្នកនេសាទរកបានត្រីយ៉ាងច្រើន។

រដ្ឋបាលជលផលបានបញ្ជាក់ថា នៅរដូវនេសាទឆ្នាំ២០២១-២០២២ បន្ទាប់ពីបានអង្កេតតាមដានកម្ពស់ទឹកដែលហូរចេញពីបឹងទន្លេសាប រដ្ឋបាលបាលជលផលក៏ពិនិត្យឃើញថា គន្លងដាយនៅតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ អាចនេសាទត្រីបានច្រើនចាប់ពីខែមិគសិរនេះរហូដល់ថ្ងៃ១២កើត ត្រូវនឹងថ្ងៃទី១២រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ប្រសិនបើមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងឥទ្ធិពលព្យុះ។

ទន្ទឹមនឹងនេះ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រីបានដោយរលូនតាមការគួរ។

គួរជម្រាបថា ក្រៅពីភូមិសាស្ត្រខេត្តកណ្ដាល និងរាជធានីភ្នំពេញ ការនេសាទត្រីនៅឯខេត្តកំពង់ឆ្នាំងឯណោះក៏កំពុងត្រូវខ្លាំងផងដែរ, នេះបើតាមការបញ្ជាក់របស់ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង។ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលចង់ធ្វើប្រហុក ផ្អក ត្រីប្រឡាក់ ឬត្រីឆ្អើរជាដើម អាចទៅទិញត្រីនៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌ និងកំពង់ប្រាសាទ ឃុំសែប នៃស្រុកកំពង់ត្រឡាចបានផងដែរ៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល៖