(ពោធិ៍សាត់)៖ ផ្លូវក្រាលកៅស៊ូថ្មី ប្រភេទ DBST តភ្ជាប់ពីផ្លូវបេតុង ឃុំឈើតុំ ស្រុកក្រគរ ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង កំពុងទទួលរងការខូចខាតបាក់ស្រុតយ៉ាងដំណំ ខណៈផ្លូវនេះនៅក្រោមការដឹកនាំសាងសង់ដោយលោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់។

ផ្លូវមួយខ្សែខាងលើនេះត្រូវបានសាងសង់កាលពីឆ្នាំ២០២០ និងរួចរាល់ដើមឆ្នាំ២០២១ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចេញចូលទៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង។ មិនទាន់បានមួយឆ្នាំពេញលេញផង ផ្លូវនេះបាននិងកំពុងទទួលរងការខូចខាតយ៉ាងដំណំ ដោយស្រុតបែកក្រឡាខ្ចឹង ដោយសាររថយន្តដឹកខ្សាច់ និងរថយន្តដឹកដីធំៗបើកបរឆ្លងកាត់។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ផ្លូវកៅស៊ូមួយខ្សែនេះទទួលរងការខូចខាតក្នុងអំឡុងខែតុលាតិចតួច តែមកដល់ដើមខែធ្នូនេះ ផ្លូវនេះកាន់តែខូចខាតខ្លាំងឡើងៗ ពុំទាន់ឃើញវត្តមានមន្ទីរជំនាញចុះត្រួតពិនិត្យ និងធ្វើការជួសជុលឡើងវិញនៅឡើយទេមកទល់ពេលនេះ។

ពាក់ព័ន្ធនឹងការរិះគន់របស់ប្រជាពលរដ្ឋសង្ឃឹមថា លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងមន្ត្រីជំនាញនឹងចុះពិនិត្យ និងជួសជុលឡើងវិញជាបន្ទាន់ ដើម្បីកុំឱ្យផ្លូវនេះកាន់តែខូចខាតធ្ងន់ធ្ងរ ប៉ះពាល់ដល់សុវត្ថិភាពការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕