(បាត់ដំបង)៖ សាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធពិធីក្រុងពលីបញ្ចុះបឋមសិលាកសាងប្រាសាទតម្កល់រូបសំណាកលោកតាដំបងគ្រញូង ដើម្បីជាទីសក្ការគោរពបូជា និងជាទីកន្លែងគោរពធ្វើពិធីសម្បថ នៅបរិវេណសាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ស្ថិតនៅភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពីធីនេះធ្វើឡើងក្រោមអធិបតីភាពលោក សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍បាត់ដំបង លោក នួន សាន អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង លោកស្រី ទៀង សំបូរ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍បាត់ដំបង និងមានការចូលរួមពីលោកចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ព្រមទាំងមន្ត្រីរាជការទាំងអស់របស់សាលាឧទ្ធរណ៍បាត់ដំបង និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។

លោកស្រី ទៀង សំបូរ បានបញ្ជាក់ថា នេះជាប្រពៃណីរបស់ខ្មែរ ក៏ដូចជាទូទាំងពិភពលោកទៅហើយនៅតាមស្ថាប័នរដ្ឋ ថ្នាក់ជាតិ ឬថ្នាក់ដឹកនាំនានាមុនចូលកាន់តំណែង ឬធ្វើអ្វីមួយតែងតែមានពិធីស្បថសច្ចាប្រណិធាន។ ដោយឡែក ស្ថាប័នតុលាការដែលជាអ្នកអនុវត្តច្បាប់តែងតែឲ្យអ្នកពាក់ព័ន្ធគូភាគីរឿងក្តីទូទៅ ស្បថមុនពេលចូលសវនាការជាដើម ហេតុដូច្នេះហើយទើបស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង កសាងរូបលោកតាដំបងគ្រញូងឡើងទុកជាទីសក្ការបូជាផង និងជាទីកន្លែងសប្បថផងទុកជូនប្រជាពលរដ្ឋជាដើមបណ្តឹង និងចុងបណ្តឹងដើម្បីសម្តែងនូវការស្មោះត្រង់ ចំពោះមុខផ្លូវច្បាប់ក្នុងការកាត់ក្តីដោយយុត្តិធម៌សម្រាប់ពួកគាត់ផងដែរ៕