(កំពង់ឆ្នាំង)៖ នៅពេលចូលដល់ខ្នើតខែមិគសិរ ត្រូវនឹងចាប់ពីថ្ងៃទី១១-១២ ខែធ្នូនេះ ត្រីប្រហុកបានចាប់ផ្ដើមត្រូវ (សម្បូរ) ជាបណ្ដើរៗហើយ ខណៈមន្ត្រីជំនាញជលផលបានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ទៅទិញត្រី ដើម្បីយកមកធ្វើប្រហុក-ផ្អកនៅតាមគោលដៅមួយចំនួន ដូចជាឃុំឆ្នុកទ្រូ នៃស្រុកបរិបូណ៌ និងកំពង់ប្រាសាទ នៃស្រុកកំពង់ត្រឡាច។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី១០-១២ ខែធ្នូនេះហើយ នឹងបន្តត្រូវរហូតដល់ផុតពេលខ្នើត ប្រសិនបើមេឃនៅតែស្រឡះល្អ។

លោកបានបញ្ជាក់ទៀតថា នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ អ្នកនេសាទបានបណ្ដែតមងក្រឡាធំចាប់ត្រីចង្កែង ត្រីឆ្កោកជាដើម ដោយមិនសូវមានអ្នកចាប់ត្រីរៀល ត្រីលេញនោះទេ ចំណែកនៅកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពុងតែឡាចឯណោះវិញ មានអ្នកនេសាទបណ្ដែតមងចាប់ត្រីរៀល និងត្រីលេញ។ ដោយហេតុនេះ នាយខណ្ឌរដ្ឋបាលជលផលខេត្តបានអំពាវនាវប្រជាពលរដ្ឋដែលមានបំណងធ្វើត្រីប្រហុក សូមទៅទិញត្រីធ្វើប្រហុកនៅកំពង់ប្រាសាទ ស្រុកកំពង់ត្រឡាច និងនៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។

ចំពោះតម្លៃ នាយខណ្ឌរដ្ឋបាលជលផល លោក លី ឡា ក៏បានបញ្ជាក់ថា តម្លៃត្រីនៅថ្ងៃទី១២ ខែធ្នូនេះ ត្រីរៀល និងត្រីលេញ ដែលជាប់មងក្រឡា២ហ៊ុនទៅ២ហ៊ុនកន្លះ មានតម្លៃចាប់ពី១,២០០-២,០០០រៀលក្នុងមួយគីឡូក្រាម ចំណែកត្រីចង្កែងមានតម្លៃពី៤,០០០-៦,០០០រៀលក្នុងមួយគីឡូក្រាម។ ដោយឡែក ត្រីឆ្កោកលេខ១ដែលមានទម្ងន់ចាប់ពី១គីឡូកន្លះឡើង តម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ត្រីឆ្កោកលេខ២ទម្ងន់ពី១គីឡូក្រាមដល់១គីឡូកន្លះ មានតម្លៃ២០,០០០រៀលក្នុងមួយគីឡូក្រាម និងត្រីឆ្កោកលេខ៣ទម្ងន់ចាប់ពី១គីឡូចុះក្រោម តម្លៃចាប់ពី៨,០០០-១០,០០០រៀលក្នុងមួយគីឡូក្រាម។ លោកថា ប្រសិនបើត្រីនៅបន្តត្រូវ តម្លៃត្រីនឹងចុះថោកជាងនេះ៕