(ភ្នំពេញ)៖ លោក ជា ស្រ៊ុន ជាប្រជាពលរដ្ឋខ្មែរមួយរូប ដែលរសាត់ខ្លួនដល់ទឹកដីអាមេរិក តាំងពីឆ្នាំ១៩៨៤ ក្នុងកំលុងពេលប្រទេសកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម បានបង្ហាញនូវការពេញចិត្តពេញថ្លើមជាខ្លាំង ចំពោះការដឹកនាំ ការកសាងជាតិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏ដូចជាគណបក្សប្រជាជនកម្ពុជា។

ពលរដ្ឋខ្មែរសញ្ជាតិអាមេរិកវ័យ ៧១ឆ្នាំរូបនេះ មិនត្រឹមតែគាំទ្រសម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ លោកក៏បានគាំទ្រដល់ការរៀបចំឱ្យលោក ហ៊ុន ម៉ាណែត ក្លាយជាអ្នកដឹកនាំបន្តវេនផងដែរ ដោយលោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជា បន្តទទួលបានសុខសន្តិភាព និងការរីកចម្រើនលូតលាស់ទៅមុខជាបន្តបន្ទាប់ទៀត។

តាមរយៈការជជីកសាកសួររបស់ Fresh News បានបង្ហាញថា លោក ជា ស្រ៊ុន គឺជាជនជាតិខ្មែរមួយរូប ដែលមានភក្តីភាពយ៉ាងជ្រាលជ្រៅជាមួយប្រទេសកំណើតរបស់ខ្លួន។ បើទោះបីបានរស់សុខសាន្តលើទឹកដីអាមេរិកយ៉ាងណាក្តី តែលោក ជា ស្រ៊ុន តែងតែធ្វើសកម្មភាពមនុស្សធម៌ជួយដល់ប្រទេសកំណើត និងជនរួមជាតិរបស់លោក ដោយការកៀរគររកជំនួយមកសាងសង់នូវសមិទ្ធផលផ្សេងៗ ដូចជាទីអារាម សាលារៀន និងអណ្តូងទឹកជាដើម។

តាមរយៈសកម្មភាពមនុស្សធម៌កើតចេញពីបេះដូងនេះហើយ បានធ្វើឱ្យលោក ស្រ៊ុន ឧស្សាហ៍ឡើងចុះ និងបានផ្សារភ្ជាប់ជាមួយប្រទេសកំណើតរបស់លោកតាំងពីឆ្នាំ១៩៩១។ តាមរយៈដំណើរឡើងចុះជាញឹកញាប់នេះ ក៏បានធ្វើឱ្យលោក ជា ស្រ៊ុន បានឃើញពីការវិវឌ្ឍ និងការរីកចម្រើនយ៉ាងច្រើនរបស់ប្រទេសកម្ពុជា បើធៀបពីអតីតកាល និងពេលបច្ចុប្បន្ន។

លោក ស្រ៊ុន បានបញ្ជាក់យ៉ាងដូច្នេះ «ភ្ញាក់ផ្អើល។ និយាយមែនទែនមុនពេលខ្ញុំមកឃើញប្រទេសជាតិ ខ្ញុំមិនដែលនឹកឃើញប្រទេសជាតិខ្ញុំឡើងដល់ប៉ុណ្ណឹងទេ»។

ជាប្រជាជននៃប្រទេសមួយដែលខ្ទេចខ្ទាំដោយដោយភ្លើងសង្គ្រាម នៅពេលឃើញមានការអភិវឌ្ឍ និងរីកចម្រើនបែបនេះ ធ្វើឱ្យលោក ជា ស្រ៊ុន រំភើបរកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ។ លោក ជា ស្រ៊ុន បាននិយាយទាំងអួលដើម-កយ៉ាងដូច្នេះ «ហ៉ឹម! បើនិយាយទៅទឹកភ្នែកខ្ញុំមិននឹកឃើញទេ។ និយាយត្រង់ប្រទេសជាតិរីកចម្រើន ដែលខ្ញុំគិតស្មានមិនដល់ហួសពីការស្មាន»

ឆ្លើយតបនឹងសមិទ្ធផល និងភាពរីកចម្រើនដែលកើតមាននៅក្នុងសង្គមកម្ពុជានេះ លោក ជា ស្រ៊ុន បានបង្ហាញការកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក ស្រ៊ុន បានហៅសម្តេចតេជោ គឺជាអគ្គមគ្គទ្ទេសក៍ដ៏ឆ្នើមរបស់ជាតិ។

ក្រៅតែពីនិយាយដល់ភាពរីកចម្រើនរបស់ជាតិហើយនោះ នៅក្នុងជំនួបសម្ភាសន៍ជាមួយ Fresh News ពេលអញ្ជើញមកលេងកម្សាន្តនៅកម្ពុជា លោក ជា ស្រ៊ុន ក៏បានឆ្លៀតបង្ហាញទស្សនៈជុំវិញការជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនផងដែរ។

លោក ស្រ៊ុន បានបង្ហាញនូវការគាំទ្រទាំងស្រុងចំពោះការជ្រើសរើសលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។ ការគាំទ្រព្រោះតែលោក បានមើលឃើញលោក ហ៊ុន ម៉ាណែត ជាកុលបុត្រកម្ពុជា ដែលមានទាំងសមត្ថភាពចំណេះដឹង ការដឹកនាំ និងឥរិយាបថប្រកបដោយភាពថ្លៃថ្នូរ និងមានសីលធម៌ខ្ពស់។ លោក ស្រ៊ុន បានមើលឃើញទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត មានមនុស្សចេះដឹង និងមានសមត្ថភាពនៅជុំវិញខ្លួនជាច្រើនផងដែរ ដែលនឹងក្លាយជាសេនាធិការដ៏ខ្លាំងសម្រាប់ការដឹកនាំរបស់លោកឱ្យទទួលបានជោគជ័យ។

បុរសជនជាតិខ្មែរមានសញ្ជាតិអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំគាំទ្របេក្ខភាពឯកឧត្តម ហ៊ុន ម៉ាណែត ខ្ញុំឃើញថា ការសិក្សានៅក្នុងសាលាផ្សេង។ តែបទពិសោធន៍ខាងក្រៅវិញ បទពិសោធន៍ខាងផ្នែកការងារ គាត់មានបទពិសោធន៍ច្រើន។ ទីមួយមានឪពុក គឺសម្តេចតេជោ ហ៊ុន សែន អ៊ីចឹងគាត់រៀនចំណេះដឹងហ្នឹងពីឪពុកមកហើយ។ ឪពុកខំកសាង ការពារ ដើម្បីប្រទេសជាតិហ្នឹង ហើយរក្សាសន្តិភាពហ្នឹងបាន ខ្ញុំជឿថា ឯកឧត្តម ហ៊ុន ម៉ាណែត ក៏កសាងបានដូចគ្នា ហើយនឹងកសាងប្រទេសឱ្យកាន់តែរីកចម្រើន»

បុរសជនជាតិខ្មែរ ដែលធ្លាប់បានហែលឆ្លងក្នុងភាពវេទនារបស់ជាតិពីអតីតកាល បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា លោក ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាទទួលបានភាពរីកចម្រើន និងកាន់តែខ្ទរខ្ទារលើឆាកអន្តរជាតិ។ លោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរឱ្យបន្តគាំទ្រលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំ។ លោក ស្រ៊ុន បានក្រើនរំលឹកប្រជាពលរដ្ឋ មិនត្រូវបោះបង់ការដឹកនាំរបស់គណបក្សប្រជាជន ដែលលោកប្រដូចទៅនឹងទ្រព្យសម្បត្តិកំពុងមាននៅក្នុងដៃ ហើយទៅស្រវាចាប់របស់ដែលមើលមិនឃើញនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន បានទម្លាយឱ្យដឹងពីការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងយកសន្លឹកឆ្នោតនៅពេលសម្តេចលាឈប់ពីតំណែងនាយករដ្ឋមន្ត្រី។

កាលពីថ្ងៃទី០៩ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បេក្ខភាពជាមេដឹកនាំបន្តវេនរបស់គណបក្សប្រជាជន នឹងត្រូវសម្រេចជាផ្លូវការនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ។

ការប្រកាសជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន បានធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំងមិនថានៅក្នុងជួរថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏បានបង្ហាញនូវការគាំទ្រ និងពេញចិត្តជាខ្លាំងផងដែរ៕