(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ បានថ្លែងអំណរអរគុណយ៉ាងក្រៃលែង និងគោរពកោតសរសើរយ៉ាងខ្លាំងចំពោះស្មារតីស្រលាញ់ជាតិ និងប្រជាជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងព្រហ្មវិហារធម៌របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំស្វះស្វែងរកវ៉ាក់សាំងមកផ្ដល់ជូនប្រជាពលរដ្ឋ ទាំងកុមារ និងយុវជនផងដែរ ដោយមិនគិតថ្លៃ និងមិនមានការរើសអើង ក្នុងគោលដៅរួមគ្នាប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

នេះបើតាមការបញ្ជាក់របស់លោក ប៉ែន ស៉ីមាន សមាជិកអចិន្ត្រៃយ៍គណបក្សសង្កាត់ ក្នុងពេលលោកស្រី រាជ ផាវឿន ក្នុងនាមជាប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ អមដំណើរដោយចៅសង្កាត់រង និងលោក-លោកស្រីអនុប្រធាន ជាមួយសមាជិគណបក្សសង្កាត់ ក្រុមការងារយុវជនគណបក្សសង្កាត់ និងប្រធានសាខាគណបក្សភូមិ បានបន្តចុះជួបសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ ដើម្បីជួយសម្រួលជីវភាពខ្វះខាតដល់ អ៊ំ ពូ ម៊ីង សមាជិក សមាជិកាគណបក្សមកពីតាមបណ្ដាភូមិចំនួន៣ សរុបចំនួន១៨០នាក់ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

លោកស្រី រាជ ផាវឿន តំណាងលោក ឯក ឃុនដឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ នៅតែបន្តទទូចឱ្យ អ៊ំ ពូ ម៊ីង សមាជិកសមាជិកាគណបក្យទាំងអស់ បើទោះបីទទួលបានការចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី សូមកុំភ្លេចខ្លួន កុំមានការធ្វេសប្រហែស ហើយបន្តប្រុងប្រយ័ត្ន ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺ «៣ការពារ និង៣កុំ» ដើម្បីចូលរួមទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្ទាប់ពីលោកស្រី ប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១រូបនេះ ឧបត្ថម្ភអំណោយ ចំនួន១៨០នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម និងឃីតចំនួន១ ដើម្បីជួយសម្រួលជីវភាពមួយរយៈ។

បន្ថែមពីនេះ លោកស្រីប្រធានគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ទួលសង្កែទី១ បានបន្តជុំរុញឱ្យក្រុមការងារយកចិត្តទុកដាក់បន្តសហការគ្នាអនុវត្តឱ្យបានល្អប្រសើរបន្ថែមទៀតនូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទាំងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ក្រៅពីការយកចិត្តទុកដាក់ផ្ដល់សេវានានា ដោយតម្លាភាពជូនប្រជាពលរដ្ឋ តាមប្រសាសដឹកនាំដ៍ប៉ិនប្រសព្វ និងឈ្លាសវ៉ៃរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា «មន្ត្រីមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ ផ្ទុយទៅវិញមន្ត្រី គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»