(ភ្នំពេញ)៖ ខ្មែរមានសញ្ជាតិអាមេរិក ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនបានព្រឺរោមនោះឡើយ ចំពោះការព្រមានរបស់ទណ្ឌិត សម រង្ស៉ី ចង់ដកសញ្ជាតិអាមេរិករបស់ពួកគេ ព្រោះតែការគាំទ្រគណបក្សប្រជាជនកម្ពុជានោះ។ ពួកគេបានហៅការព្រមានរបស់ទណ្ឌិត សម រង្ស៉ី ជារឿងមិនអាចទៅរួច ប្រៀបដូចជាសំឡេងក្អាត់យំរកទឹកភ្លៀងបន្តដង្ហើមជីវិតតែប៉ុណ្ណោះ។

ប្រតិកម្មឌឺបញ្ឈឺចិត្តរបស់ខ្មែរនៅអាមេរិកចំពោះទណ្ឌិត សម រង្ស៉ី បានធ្វើឡើង បន្ទាប់ពីទណ្ឌិតរត់ចោលស្រុករូបនេះ ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗ បានព្រមានពីការធ្វើយុទ្ធនាការទាមទារឱ្យរដ្ឋាភិបាលអាមេរិក ដកសញ្ជាតិអាមេរិក ពីពលរដ្ឋខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន Fresh News បានជួបនឹងខ្មែរមានសញ្ជាតិអាមេរិក និងជាអ្នកគាំទ្រដ៏មុតមាំចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងពេលពួកគេមកលេងស្រុកខ្មែរ ហើយក៏បានឆ្លៀតសម្ភាសន៍ពាក់ព័ន្ធការព្រមាននេះ។

លោក នាវ វិជ្ជា ពលរដ្ឋខ្មែរសញ្ជាតិអាមេរិក រស់នៅក្រុងវ៉ាស៊ីនតោន ដែលជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា «ចំពោះពួកខ្ញុំអត់មានការភ័យខ្លាចនឹងការចោទរបស់គាត់ហ្នឹងទេ ព្រោះយើងមិនបានធ្វើអ្វីខុសច្បាប់។ យើងគ្រាន់តែគាំទ្របក្សនយោបាយមួយដែលយើងស្រឡាញ់ យើងមិនមែនគាំទ្រជនផ្តាច់ការ ឬជនដែលរដ្ឋាភិបាលអាមេរិកចោទថា ជាអ្នកធ្វើឱ្យប៉ះពាល់ដល់សន្តិសុខពិភពលោកទេ»។

ប្រជាពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិកម្នាក់ទៀត គឺលោកស្រី អុក សុខណា រស់នៅរដ្ឋខេនតាគី ដែលបានទៅរស់នៅសហរដ្ឋអាមេរិករយៈពេល ១៥ឆ្នាំមកហើយនោះ គឺជាអ្នកស្រឡាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងប្តូរផ្តាច់មួយរូប។ លោកស្រី គាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះតែឃើញគណបក្សនយោបាយមួយនេះ មានគោលនយោបាយច្បាស់លាស់ ជាពិសេសការកសាងសង្គមកម្ពុជាឱ្យរីកចម្រើន។

ចំពោះការព្រមានរបស់ទណ្ឌិត សម រង្ស៉ី រឿងធ្វើយុទ្ធនាការឱ្យរដ្ឋាភិបាលដកសញ្ជាតិអាមេរិក របស់ខ្មែរគាំទ្របក្សប្រជាជនកម្ពុជានោះ លោកស្រី អុក សុខណា និងស្វាមី មិនបានចាប់អារម្មណ៍នោះឡើយ។ លោកស្រី និងស្វាមី បានជឿជាក់ថា អ្វីដែលទណ្ឌិត សម រង្ស៉ី លើកឡើង វាជារឿងដែលមិនអាចទៅរួចនោះឡើយ។

លោកស្រី អុក សុខណា បានគូសបញ្ជាក់យ៉ាងដូច្នេះ «សម្រាប់ខ្ញុំអត់ទុកសម្តីគាត់ក្នុងត្រចៀកផង ព្រោះខ្ញុំដឹងថា វាជារឿងមិនអាចកើតឡើង។ គាត់និយាយមកខ្ញុំមានអារម្មណ៍ថា ជាការញុះញង់ ធ្វើឱ្យខ្ញុំគិតថា នយោបាយរបស់គាត់ហ្នឹងជានយោបាយញុះញង់ ហើយវាមិនអាចកើតឡើងទេ សម្រាប់ប្រជាពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក»

បើតាមលោកស្រី អុក សុខណា ត្រឹមការគាំទ្រគណបក្សនយោបាយមួយ គ្មានហេតុផលណា អាមេរិកដកសញ្ជាតិនោះទេ។ លើកលែងតែការធ្វើសកម្មភាពគាំទ្រដល់ភេរវជន ឬប្រព្រឹត្តទង្វើដែលប៉ះពាល់ធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក។

ពលរដ្ឋខ្មែរសញ្ជាតិអាមេរិករូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះ «មុនខ្ញុំយកសញ្ជាតិអាមេរិក ខ្ញុំក៏បានអានពីប្រវត្តិសាស្ត្ររបស់គេ និងច្បាប់របស់គេមុនឱ្យចូលសញ្ជាតិ ក៏ដូចជារឿងអ្វីដែលគេអាចដកសញ្ជាតិរបស់យើង។ គ្រាន់តែការពេញចិត្តរបស់យើង ទៅគាំទ្រគណបក្សនយោបាយមួយ គេអត់មានសិទ្ធិអីមកដកសញ្ជាតិយើងនោះទេ ព្រោះយើងអត់បានធ្វើអ្វីខុសច្បាប់។ យើងមិនមែនជាភេរវជន ហើយយើងមិនបានធ្វើអ្វីមួយដែលប៉ះពាល់ដល់ប្រទេសគេ។ សហរដ្ឋអាមេរិក ជាប្រទេសដែលសេរី យើងពេញចិត្តបក្សណា យើងអាចគាំទ្របាន»

លោក កែវ វណ្ណា ជាពលរដ្ឋខ្មែរសញ្ជាតិអាមេរិកម្នាក់ទៀត រស់នៅក្នុងរដ្ឋខេនតាគី ដែលបានរស់នៅសហរដ្ឋអាមេរិករយៈពេល ១៧ឆ្នាំហើយ។ លោក កែវ វណ្ណា បានសម្រេចចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបានចូលរួមធ្វើសកម្មភាពនានា ដើម្បីជួយដល់គណបក្សដឹកនាំរាជរដ្ឋាភិបាលមួយនេះនៅលើទឹកដីអាមេរិក។

លោក វណ្ណា សម្រេចចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះតែលោកបានឃើញកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការរីកចម្រើនទៅមុខជាបន្តបន្ទាប់។ លោកបានគូសបញ្ជាក់ថា នៅពេលលោកត្រឡប់មកលេងស្រុកខ្មែរពីមួយឆ្នាំទៅមួយឆ្នាំ គឺឃើញកម្ពុជាមានការខុសប្លែកពីមួយឆ្នាំទៅមួយឆ្នាំផងដែរ។

បើតាមលោក វណ្ណា សកម្មភាពរបស់គណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក មិនដែលមានអាជ្ញាធរណាមួយមកហាមឃាត់ ឬរារាំងនោះឡើយ។

លោក បានបញ្ជាក់ដូច្នេះ «ដូចជាអត់មានផងបង ពីព្រោះអីនេះជាសិទ្ធិសេរីភាពរបស់យើង។ សហរដ្ឋអាមេរិក ជាប្រទេសប្រជាធិបតេយ្យ បិតាប្រជាធិបតេយ្យ អ៊ីចឹងមានន័យថា ទាំងរូបបង និងរូបខ្ញុំ មានសិទ្ធិជ្រើសរើសបាន។ ជ្រើសរើការស្រឡាញ់ ការគាំទ្រគណបក្សណាក៏បានដែរ គេអត់មានបង្ខិតបង្ខំយើងទេ»

ពលរដ្ឋខ្មែរសញ្ជាតិអាមេរិករូបនេះ ក៏មិនបានបារម្ភអ្វីឡើយចំពោះការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី ដែលចង់ដកសញ្ជាតិខ្មែរអាមេរិក ព្រោះតែគាំទ្រគណបក្សប្រជាជនកម្ពុជានោះ។ លោក កែវ វណ្ណា បានលើកឡើងយ៉ាងដូច្នេះ «ខ្ញុំឃើញសារហ្នឹងហើយ ខ្ញុំដូចអត់មានភ័យអីផង ព្រោះខ្ញុំដឹងខ្លួនឯងថា អ្វីដែលខ្ញុំគាំទ្រ អ្វីដែលខ្ញុំធ្វើអត់មានអ្វីខុសច្បាប់ផង។ អ៊ីចឹងខ្ញុំអត់មានអ្វីត្រូវភ័យខ្លាចអីទេ ព្រោះយើងដឹងថាអ្វីដែលយើង គឺធ្វើត្រូវ បើដឹងថាធ្វើត្រូវហើយចាំបាច់ភ័យធ្វើអី»

ការលើកឡើងពីការធ្វើយុទ្ធនាការ ដើម្បីដកសញ្ជាតិអាមេរិក ពីពលរដ្ឋខ្មែរ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា ពីសំណាក់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក មិនមែនជារឿងថ្មីនោះឡើយ។ កន្លងទៅពួកគេ ក៏បានព្រមាននូវការធ្វើបែបនេះដែរ តែទីបំផុត គឺមិនមានលទ្ធផលអ្វីទាំងអស់។

ការលើកឡើងរបស់ទណ្ឌិត សម រង្ស៉ី នាពេលនេះ ត្រូវបានបងប្អូនខ្មែរមានសញ្ជាតិអាមេរិកមួយចំនួនមើលឃើញថា គ្រាន់តែស្រែកដើម្បីផ្គាប់ចិត្តអ្នគាំទ្ររបស់ខ្លួននៅអាមេរិក ហើយគ្រាន់តែជារបៀបវារៈដែលធ្វើឡើង ដើម្បីស្វែងរកលុយពីអ្នកគាំទ្ររបស់ខ្លួន ក្រោមហេតុផលទ្រទ្រង់ និងបម្រើដល់នីតិវិធីរបស់ពួកគេ។ ពួកគេបានប្រដូចការលើកឡើងរបស់ទណ្ឌិត ប្រៀបដូចជាកូនក្អាត់យំរកទឹកភ្លៀងយ៉ាងដូច្នោះដែរ។

ចាប់តាំងពីថ្ងៃទណ្ឌិត សម រង្ស៉ី បានប្រកាសនូវការព្រមាននោះមក មកដល់ពេលនេះមិនមានផែនការសកម្មភាពណាមួយលេចចេញជារូបរាងនោះឡើយ ជាការគំរាមកំហែង ឬនាំឱ្យខ្មែរសញ្ជាតិអាមេរិក មានការព្រួយបារម្ភទាល់តែសោះនោះឡើយ៕