(ស្ទឹងត្រែង)៖ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំជនបទ១ខ្សែ ដែលមានប្រវែងទទឹង៦ម៉ែត្រ បណ្ដោយ១៥គីឡូម៉ែត្រ ដែលស្ថាបនារួចរាល់ជាប់ជាស្ថាពរ តភ្ជាប់ពីឃុំអូរម្រះ ដល់ឃុំសៀមបូក ស្រុកសៀមបូក (ជាប់ព្រំប្រទល់ខេត្តក្រចេះ)។

បើតាមឱ្យដឹងពីលោក ព្រំ ចន្ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ថា ផ្លូវ១ខ្សែនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអភិវឌ្ឍន៍ជនបទ លើគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករ។

ក្នុងឱកាសចុះត្រួតពិនិត្យ លោក ស្វាយ សំអ៊ាង បានឱ្យដឹងថា នេះជាសមិទ្ធិផលដល់សំខាន់មួយទៀតហើយ ដែលស្រុកសៀមបូក ទទួលបានជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់ជូនដល់ប្រជាពលរដ្ឋ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបង្កលក្ខណៈងាយស្រួលកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ និង ដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារ។

លោកអភិបាលខេត្ត បានបន្តថា «ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះ មានផ្លូវ គឺមានក្តីសង្ឃឹម ហើយការធ្វើផ្លូវទាំងនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល ទៅមកសាលារៀនផងដែល»។

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ថ្លែងអំណរគុណ មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងក្រុមការងារស្ថាបនាផ្លូវ១ខ្សែនេះ ដែលបានខិតខំប្រឹងប្រែងក្នុងការស្ថាបនាឱ្យបានលឿន និងស្របទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់ និងតាមស្តង់ដារ។

ក្នុងនោះ លោក ស្វាយ សំអ៊ាង បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនេះ ត្រូវចេះថែរក្សាដើម្បីឱ្យផ្លូវ១ខ្សែនេះបានគង់វង្ស និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរបានយូរអង្វែង៕