(កែប)៖ អំណោយសម្ភារសុខាភិបាលរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ាណែត បាននាំយកទៅផ្តល់ជូនរដ្ឋបាលខេត្តកែប ដើម្បីបម្រើឱ្យវិស័យសុខាភិបាល និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជាបម្រើឱ្យការងារមនុស្សធម៌។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តកែប។

ក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប បានសំដែងនូវទឹកចិត្ត សប្បាយរីករាយ និងថ្លែងអំណរគុណ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលតែងតែផ្តល់នូវការឧបត្ថម្ភ ទាំងស្មារតី សម្ភារៈ និងឱវាទល្អៗសម្រាប់រដ្ឋបាលខេត្តកែប ទាំងការងារដឹកនាំ និងបំរើសេវាជូនប្រជាពលរដ្ឋ។

លោក សោម ពិសិដ្ឋ បានបញ្ជាក់ថា បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៅខេត្តកែប មានការធូរស្រាលក៏ពិតមែនតែប្រជាពលរដ្ឋមួយចំនួន ដែលរងវិបត្តិដោយសារជំងឺនេះ នៅពុំទាន់មានជីវភាពប្រក្រតីឡើងវិញនៅឡើងទេ ដែលទាមទារឱ្យមានការជួយជ្រុំជ្រែងពីអាជ្ញាធរ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់សប្បុរសជននានា បន្តជួយឧបត្ថម្ភដល់រដ្ឋបាលខេត្តពាក់ព័ន្ធលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារមនុស្សធម៌ នៅតាមសហគមន៍មូលដ្ឋានដែលបង្ហាញឱ្យឃើញនូវសិល្បៈចែករំលែក និងស្មារតីចេះជួយគ្នាទៅវិញទៅមករបស់សប្បុរសជននៅគ្រប់ទិសទី។

ឆ្លៀតក្នុងឱកាសនោះ លោក សោម ពិសិដ្ឋ ក៏បានគោរពជូនពរជ័យ ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីជាភរិយា រួមទាំងបុត្រា បុត្រី ប្រកបដោយពុទ្ធពរបួនប្រការអាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងជៀសផុតពីជំងឺកូវីដ១៩ ជានិច្ច និងនិរន្តតទៅ។

អំណោយជាសម្ភារសុខាភិបាលខាងលើនេះ ក្រោយរដ្ឋបាលខេត្ត ទទួលរួចហើយក៏បានធ្វើការប្រគល់បន្តូវសម្ភារទាំងអស់ ដល់មន្ទីរពេទ្យបង្អែកខេត្តកែប ដើម្បីយកទៅទុកដាក់ប្រើប្រាស់ឱ្យចំគោលដៅ។

គួររំលឹកថា អំណោយជាសម្ភារសុខាភិបាលដែលលោក ហ៊ុន ម៉ាណែត និងភរិយា បានប្រគល់ជូនរដ្ឋបាលខេត្តកែបនាពេលនេះរួមមាន៖ សម្ភារជំនួយការពិនិត្យជំងឺទូទៅ និងរោគស្រ្តី, សម្ភារជំនួយការងារមន្ទីរពិសោធន៍, សម្ភារជំនួយការវះកាត់ និងបរិក្ខាផ្សេងៗចំនួន ១៥០កេស, ម៉ាស៊ីន X-Ray (Dentist) ០១គ្រឿង, ព្រមទាំងជែលលាងសម្អាតដៃចំណុះ ៥០០មីលីលីត្រ ចំនួន ៣០,០០០ដប៕