(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី១៨ ក្រោមប្រធានបទ «កូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន» ដែលប្រព្រឹត្តទៅនៅសណ្ជាគារហ៉ីម៉ាវ៉ារី (Himawari Hotel)។

នៅក្នុងវេទិកានោះ មានការអញ្ជើញចូលរួមជាអធិបតីភាពពី លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយកនៃក្រសួងព័ត៌មាន លោកប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ព្រមទាំងនិពន្ធនាយក ចាងហ្វាង តំណាងសមាគម តំណាងអង្គភាពព័ត៌មាន និងអ្នកសារព័ត៌មានសរុបចំនួន ៦៨នាក់ មកពី ៤៦អង្គភាព ។

បន្ទាប់ពីជួបពិភាក្សាគ្នាយ៉ាងផុលផុសលេីរបៀបវារ:ជាច្រេីនរួចមក បានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួម ដែលមាន ១៣ចំណុច។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសារលិខិតក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «កូវីដ១៩៖ បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ផងដែរ។

សម្តេចតេជោបានលើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំនេះ បានលើកយកប្រធានបទ «ស្តីពីកូវីដ-១៩៖ បញ្ហាប្រឈម និងឱកាសសម្រាប់អ្នកសារព័ត៌មាន» គឺពិតជាមានសារសំខាន់ណាស់ និងសមស្របតាមសភាពការណ៍ជាក់ស្តែងដែលព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានឆ្លងកាត់និងកំពុងប្រឈមទៅនឹងការឆ្លងរីករាលដាល ជាសកលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលរហូតមកដល់ពេលនេះ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសកល សុខភាពសាធារណៈ និងបានឆក់យកអាយុជីវិតមនុស្សនៅទូទាំងសកលលោកអស់ជាង៥លាននាក់ ហើយមនុស្សជិត៣០០លាននាក់បានឆ្លងមេរោគកូវីដ-១៩ ក្នុងនោះកូវីដ-១៩ ក៏បានបំផ្លាញសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យខាតបង់ថវិកាប្រមាណជិត ៣ពាន់លានដុល្លារអាមេរិក ហើយប្រជាជនកម្ពុជាប្រមាណជាងពីរសែននាក់ បានឆ្លងមេរោគកូវីដ-១៩ និងបានឆក់យកអាយុជីវិតប្រជាជនកម្ពុជាអស់ជិត ៣ពាន់នាក់៕

ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍រួម របស់ក្លិបអ្នកកាសែតកម្ពុជា៖