(រតនគិរី)៖ នៅព្រឹកទី១១ ខែធ្នូ ឆ្នាំ២០២១ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តរតនគិរី (ស.យ.ស.ស) បានរៀបចំពិធីបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២របស់ខ្លួន ធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមវត្តមានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាប្រធានគណៈកម្មាធិការកណ្តាលសម្ពន្ធយុវជនស្រលាញ់សន្តិភាព, លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្ត និងណាប់ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត។

លោក សាយ សាមាន សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី និងប្រធានប្រតិបត្តិសាខាខេត្ត បានគូសបញ្ជាក់ថា រយៈពេល១ឆ្នាំ២០២១ ក្រុមយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី បានលះបង់កម្លាំង កម្លាំងចិត្ត ថវិកា សម្ភារផ្សេងៗ ចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយប្រជាពលរដ្ឋ ដែលជួបការខ្វះខាត ជួបគ្រោះមហន្តរាយផ្សេងៗ សរុបជាទឹកប្រាក់ប្រមាណ១៥៦លានរៀល។

លោកបានបន្តថា ទោះបីក្នុងបរិបទកូវីដ១៩ ក៏ដោយក្រុមយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ដោយមានការចង្អុលបង្ហាញពីលោក ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិ សម្ពន្ធយុវជន ស្រលាញ់សន្តិភាព បានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយខិតប័ណ្ណរបស់គជប ជូនបងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោត ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងទៅចុះឈ្មោះបោះឆ្នោត ក្នុងភូមិសាស្រ្ដខេត្តរតនគិរី។

ទន្ទឹមនោះដែរសម្ព័ន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តរតនគិរី ក៏បានចូលរួមយ៉ាងសកម្ម ជាមួយគណបក្សក្នុងការ ផ្សព្វផ្សាយ ពីគោលនយោបាយរបស់គណបក្ស និងផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍យ៉ាងខ្លាំងខ្លា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាងនេះទៅទៀត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាពខេត្តរតនគិរី ត្រូវតាមដានមើល Facbook, Telegram ជាដើម ជាពិសេសបានមើលរាល់ការ Live របស់យុវជនគណបក្សប្រជាជនកម្ពុជាយុវជន៧មករា និងយុវជនស្រលាញ់ សន្តិភាព។

តាមដានរាល់ការ Post ការ Comment ការចែករំលែកនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ក្រុមប្រឆាំង ដើម្បីឆ្លើយតប និងវាយបករាល់ការវាយប្រហារមកលើគណបក្សប្រជាជន និងថ្នាក់ដឹកនាំគណបក្សប្រជាជន ព្រមទាំងត្រូវ Post និងចែករំលែក Share នូវរាល់សកម្មភាពជួយសង្គម ការងារមនុស្សធម៌ផ្សេងៗ របស់ថ្នាក់ដឹកនាំគណបក្សខេត្ត សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សកម្មភាពរបស់គណបក្សប្រជាជន។ បន្ថែមលើនេះទៅទៀត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត បានគាំទ្រយ៉ាងពេញទំហឹងចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

ថ្លែងក្នុងពិធីនេះលោក ប៉ាន់ ខែមប៊ុនថន និងលោក ញ៉ែម សំអឿន បានថ្លែងការកោតសសើរចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត សំភារៈថវិកា និងបានផ្ដាំផ្ញើឲ្យយុវជនយើងខិតខំបន្តទៀត តាមរយៈឆន្ទៈឥតងាករេ ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងប្ដេជ្ញាការពារយ៉ាងដាច់ខាត ការពាររាជរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា ក្នុងពិធីខាងលើនេះសម្តេចតេជោ បានផ្តល់អំណោយតាមរយៈលោកប៉ាន់ ខែមប៊ុនថន មានដូចជា៖ អង្ករ, មី, អាវរងាមួយចំនួនដល់រដ្ឋបាលខេត្តរតនគិរី ដើម្បីចែកជូនបងប្អូនពលរដ្ឋដែលខ្វះខាតនៅតាមមូលដ្ឋានផងដែរ៕