(បន្ទាយមានជ័យ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សម្រាប់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងសំណល់ប្លាស្ទិកនៅកម្ពុជា, រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន បានដាក់ចេញយន្តការ និងគោលការណ៍ក្នុងការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទិក ព្រមទាំងផ្តល់ដំណោះស្រាយនានាសំដៅបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រងសំណល់ប្លាស្ទិក ក្នុងនោះឧបករណ៍ចម្រោះទឹកស្អាត សម្រាប់ពិសានៅតាមទីតាំងនានា ទាំងក្នុងសហគមន៍ និងស្ថាប័នរដ្ឋបាលសាធារណៈនានា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការប្រើប្រាស់ដបប្លាស្ទិក។

ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ឧបករណ៍ចម្រោះទឹកនៅទីតាំងចំនួន ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ។ លោកបានឱ្យដឹងថា «តាមការសិក្សា ឧបករណ៍ចម្រោះទឹកពិតជាបានចូលរួម ក្នុងការសន្សំសំចៃថវិកាទិញទឹកបរិភោគ កាត់បន្ថយសំណល់ប្លាស្ទិកនៅទីតាំងដែលបានដាក់ឧបករណ៍ចម្រោះ និងលើកកម្ពស់បរិស្ថាននៅកន្លែងធ្វើការ និងក្នុងសហគមន៍»

លោក នេត្រ ភក្ត្រា បានថ្លែងថា លទ្ធផល នៃការសិក្សាបឋមក្រោយពីបានបំពាក់ប្រព័ន្ធឧបករណ៍ចម្រោះទឹក បង្ហាញថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ បុគ្គលិក និស្សិត និងប្រជាសហគមន៍ បានទទួលស្គាល់គុណភាពទឹក និងទទួលទានទឹកចម្រោះដោយមានភាពជឿជាក់។ ឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសានេះបានចូលរួមកាត់បន្ថយជាអតិបរមានូវការប្រើដបទឹកប្លាស្ទិក កាត់បន្ថយចំណាយជាអតិបរមានូវ ការទិញទឹកដប ជាពិសេសមន្ទីរបរិស្ថាន សាលាក្រុងបាត់ដំបង បញ្ជាលារដ្ឋានរាជអាវុធហត្ថខេត្ត បានបំបាត់ការប្រើទឹកដបប្លាស្ទិកស្ទើរតែទាំងស្រុង ព្រមទាំងបានបង្កើនបរិមាណការទទួលទានទឹកគ្រប់គ្រាន់សម្រាប់សុខភាព។

ជាមួយគ្នានេះរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្ថែមថា «នៅមុនពេលមានឧបករណ៍ចម្រោះទឹក មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ចំនួន ២១នាក់ រួមនឹងក្រុមគ្រួសារក្នុងរយៈពេល ៦ខែ ត្រូវចំណាយថវិកាចំនួន ៩,៤៧២ដុល្លារ ដើម្បីទិញទឹកពិសា ហើយបន្សល់នូវសំណល់ដបប្លាស្ទិកចំនួន ៣៦,០៨៤ដប ខណៈមន្ត្រីរដ្ឋបាលក្រុងបាត់ដំបងចំនួន១០២រូប រួមនឹងក្រុមគ្រួសារពួកគាត់ត្រូវចំណាយថវិកាចំនួន ១៩,៣២៦ដុល្លារ និងបន្សល់ដបទឹកប្លាស្ទិកចំនួន ៦០,២១៦ដប។ ប៉ុន្តែក្រោយពេលដំឡើងឧបករណ៍ចម្រោះទឹក មន្ត្រីនៃមន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងបាត់ដំបង បានកាត់បន្ថយទាំងថវិកាក្នុងការចំណាយទិញទឹកសម្រាប់ខ្លួននិងក្រុមគ្រួសារដោយក្នុងនោះរយៈពេល ៦ ខែដូចគ្នា មន្ត្រីនៃមន្ទីរបរិស្ថាននិងក្រុមគ្រួសារចំណាយថវិកាត្រឹម ១,៩៤៥ដុល្លារ ដើម្បីទិញទឹកពិសា ហើយសំណល់ដបប្លាស្ទិកចុះមកត្រឹម ៨,១០០ដប ចំណែករដ្ឋបាលខេត្តបានកាត់បន្ថយការចំណាយមកនៅត្រឹម ៩,៦១៦ដុល្លារ និងសំណល់ដបបកលាស្ទិកត្រូវបានកាត់បន្ថយមកនៅត្រឹម ២៩,០០៧ដបប៉ុណ្ណោះ»

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា នេះគឺជាដំណោះស្រាយពិតប្រាកដ ហើយបានចូលរួមចំណែកក្នុងការសន្សំប្រាក់ និងការបំពុលបរិស្ថានដោយមិនដឹងខ្លួន។ លោកបានថ្លែងថាការចូលរួមប្រើប្រាស់ទឹកចម្រោះមានតម្លៃសេដ្ឋកិច្ច និងបរិស្ថាន។

ចំពោះឧបករណ៍ចម្រោះទឹក និងធុងទឹកក្តៅត្រជាក់ត្រូវបានរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ឧបករណ៍ចម្រោះទឹកសម្រាប់ពិសាដែលបានជ្រើសរើសយកមកបំពាក់នេះជាឧបករណ៍នាំចូលពីតៃវ៉ាន់ ប្រើប្រាស់បច្ចេកវិទ្យា Ultrafilter (UF) Reverse Osmosis (RO) និង Ultra Violet (UV)។ ដោយផ្អែកតាមស្ថានភាពនៃប្រភពទឹកដែលត្រូវតភ្ជាប់ចូលក្នុងប្រព័ន្ធចម្រោះទឹកហូប មាន៤ទីតាំងប្រើប្រាស់ប្រភពទឹកពីបណ្តាញទឹករដ្ឋ/ឯកជន ត្រូវបំពាក់តម្រងUF និងកាំរស្មីUV។ នៅសាកលវិទ្យាល័យជាតិមានជ័យ សាលាក្រុងបាត់ដំបង និងមន្ទីរបរិស្ថានខេត្តបាត់ដំបងមានបំពាក់ជូនធុងទឹកក្តៅត្រជាក់ផងដែរ។

ចំណែកស្ថានីយ៍ផលិតទឹកហូបសហគមន៍ព្រែកទាល់ដែលប្រើប្រាស់ប្រភពទឹកពីស្ទឹងសង្កែគឺត្រូវបានបំពាក់តម្រងទាំងបីប្រភេទរួមគ្នា និងដំណើរការដោយប្រើប្រាស់ថាមពលពីប្រព័ន្ធសូឡា និងម៉ាស៊ីនភ្លើងរួមគ្នា ដើម្បី ផលិតទឹកហូបប្រកបដោយសុវត្ថិភាព។ ក្រោយបំពាក់ប្រព័ន្ធចម្រោះទឹកហូបថ្មី តម្រូវការទឹកហូប នៅសហគមន៍ព្រែកទាល់មានការកើនឡើង។ ឆ្លើយតបចំពោះតម្រូវការនេះ ក្រសួងបរិស្ថានបានសហការជាមួយក្រុមហ៊ុនផលិតឧបករណ៍ចម្រោះទឹក ជួយដោះស្រាយដោយផ្តល់ឧបករណ៍ សម្ភារសម្រាប់ដំឡើងសមត្ថភាពផលិតទឹកពី ២០០០ លីត្រ/ថ្ងៃ ឱ្យដល់ ៤០០០លីត្រ/ថ្ងៃ ជាបន្តបន្ទាប់ដោយមិនគិតថ្លៃ។

បន្ថែមពីនេះលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈប្រយោជន៍ នៃឧបករណ៍ចម្រោះទឹកសម្រាប់ពិសានេះដោយលើកឡើងថា៖ «ឧបករណ៍ចម្រោះទឹកនេះបានដើរតួនាទីជា ទី១៖ អ្នកផលិតទឹក និងផ្តល់ទឹកស្អាតគ្រប់គ្រាន់សម្រាប់ពិសា នៅក្នុងសហគមន៍ជាពិសេសបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រឱ្យពួកគាត់មានទឹកពិសាប្រកបដោយអនាម័យ, ទី២៖ ជួយសន្សំសំចៃថវិការបស់ពលរដ្ឋក្នុងការ ចំណាយទិញទឹកដបសម្រាប់ពិសា, ទី៣៖ គិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ និងជំរុញលើកកម្ពស់លើការ រស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យ, ទី៤៖ លើកកម្ពស់តម្លៃបរិស្ថានសហគមន៍ សាលារៀនស្អាត ភូមិឋានស្អាត និងជាពិសេសកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិកនៅក្នុងបឹងទន្លេសាបដោយ សារតែការទុកដាក់គ្រប់គ្រងសំណល់ប្លាស្ទិកមិនបានត្រឹមត្រូវ»

បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា សំណល់ប្លាស្ទិកជាក្តីកង្វល់រួមរបស់ពិភពលោក ដោយសារតែការប្រើប្រាស់ផលិតផលពីប្លាស្ទិកបន្តមាននិន្នាការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែវាមានភាពងាយស្រួល ប្រើតម្រូវការប្រើប្រាស់វេចខ្ចប់ខ្ពស់ និងមានតម្លៃថោក។

ដោយទទួលបាននូវភាពជោគជ័យលើការអនុវត្តគម្រោងកាត់បន្ថយសំណល់ប្លាស្ទិកនៅតាមសហគមន៍ និងនៅតាមទីប្រជុំជនដោយផ្តល់ឧបករណ៍ចម្រោះទឹកស្អាតសម្រាប់ពិសារនេះ ក្រសួងបរិស្ថាន បានបន្តគាំទ្រសំណើគម្រោងតំឡើងឧបករណ៍ចម្រោះទឹកហូបចំនួន ៦ទីតាំងបន្ថែមទៀត នៅក្នុងខេត្តបាត់ដំបង រួមមានទី១៖ មន្ទីរផែនការ មន្ទីរមុខងារ និងមន្ទីរទំនាក់ទំនងសភា, ទី២៖ វិទ្យាល័យ និងអនុវិទ្យាល័យ នេត យ៉ង់, ទី៣៖ សាលាខេត្តបាត់ដំបង, ទី៤៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ទី៥៖ អនុវិទ្យាល័យស្រែអណ្តូង-មន្ទីរពេទ្យបង្អែក-សាលាឃុំស្រែអណ្តូង និងទី៦៖ អនុវិទ្យាល័យមានជ័យ-មន្ទីរពេទ្យបង្អែក-សាលាឃុំមានជ័យ។ ក្រៅពីគម្រោងនេះ ក្រសួងបរិស្ថាន បានដំឡើងម៉ាស៊ីនចម្រោះទឹកនៅតាមសាលារៀន វត្តអារាមនានានៅក្នុងបណ្តាខេត្តមួយចំនួននៅកម្ពុជា។

រដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ក្រៅពីការនេះ ក្រសួងបរិស្ថានបានបំពាក់សម្ភារផ្សេងៗទៀតដល់រដ្ឋបាលខេត្តរួមមានរថយន្តដឹកសំរាម ម៉ូតូដឹកសំរាម ឡដុតសំណល់រឹងសំរាម រួមនឹងបច្ចេកទេសដើម្បីបង្កើតសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិលើការគ្រប់គ្រងសំណល់រឹងសំរាមតាមទីប្រជុំជនឱ្យមានប្រសិទ្ធភាពខ្ពស់ ហើយក្នុងនោះក៏បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍លើការសាងសង់ទីលានចាក់សំរាមមានស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីទុកដាក់សំណល់រឹងសំរាមតាមបច្ចេកទេស៕