(កំពង់ស្ពឺ)៖ លោក ស៊ឹម រតនៈ អភិបាលស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានអំពាវនាវឱ្យក្រុមហ៊ុនឯកជនដែលមានគ្រឿងចក្រ ជួយជួសជុលផ្លូវមួយខ្សែមានប្រវែងប្រមាណជាង៧គីឡូម៉ែត្រ ស្ថិតនៅតាមផ្លូវចូលវត្តក្តីល្វា វិទ្យាល័យឌីប៉ុក (ក្តីល្វា) កាត់ចំចំនួន៥ភូមិ រួមមាន៖ ភូមិធ្លក-ភូមិថ្មសំលៀង-ភូមិសំរោង-ភូមិថ្កូវ និងភូមិព្នៅ ដែលត្រូវជួសជុលរហូតដល់ផ្លូវ៤១ ត្រង់ចំណុចចេញពីភូមិព្នៅ។

ក្រោយការអំពាវនាវរបស់អភិបាលស្រុកសំរោងទង ជាក់ស្តែងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានក្រុមហ៊ុនមួយតំណាងដោយឈ្មោះ សួង ចំណាន បានស្ម័គ្រចិត្តជួយបរច្ចាគសម្ភារគ្រឿងចក្រ ជួយជួសជុលជូនប្រជាពលរដ្ឋមួយខ្សែ ប្រវែងជាង៧គីឡូម៉ែត្រនេះតែម្តង។

ជាមួយគ្នានឹងការទទួលបានការជួសជុលផ្លូវថ្មីនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានស្រុក ជាពិសេសប្រជាពលរដ្ឋ ដែលតែងតែធ្វើដំណើរលើផ្លូវនេះ បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលទទួលបានផ្លូវល្អ មិនពិបាកធ្វើដំណើរដូចពេលកន្លងទៅ។

ជាមួយគ្នានេះលោក ស៊ឹម រតនៈ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ការជួយជួសជុលនេះ និងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលមានក្តីជ្រះថ្លាចំពោះពលរដ្ឋ។ លោកក៏អំពាវនាវចំពោះសប្បុរសជនបន្តទៀត ដើម្បីជួយរដ្ឋបាលស្រុកជួសជុលតាមមូលដ្ឋាននានាទូទាំងស្រុកផងដែរ៕