(ភ្នំពេញ)៖ បុរសពីរនាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណី លួចម៉ូតូកង់បី និងទទួលទិញម៉ូតូកង់បីចោរ ដោយខុសច្បាប់។

របាយការណ៍របស់អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ អ៊ុន ជាវៃ អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាមុខសញ្ញាប្រើប្រាស់ នូវសារធាតុញៀនដោយខុសច្បាប់) បានធ្វើសកម្មភាពលួចម៉ូតូកង់បី ចំនួនពីរលើកគឺ៖

*លើកទី១៖ បានធ្វើសកម្មភាព លួចយកម៉ូតូកង់បីមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1HG-0678 នៅចំណុចឲមុខផ្ទះល្វែង ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។

*លើកទី២៖ បានធ្វើសកម្មភាពលួចយកម៉ូតូកង់បីមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ1IC-0772 នៅចំណុចមុខផ្ទះល្វែងមួយកន្លែង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល កាលពីវេលាម៉ោង០៤៖០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ ហើយក៏ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ចុះឃាត់ខ្លួននៅម៉ោង០១៖៣០នាទីយប់ឈានចូលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ និងដកហូតបានកង់បីមួយគ្រឿង ដែលទើបលួចបានប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យទី២៖ ឈ្មោះ ស៊ិន ម៉េងហុង អាយុ៣៤ឆ្នាំ នៅចំណុចបន្ទប់ស្នាក់នៅផ្លូវបេតុង ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើសកម្មភាព ទទួលទិញម៉ូតូកង់បីមួយគ្រឿង ផ្លាកលេខភ្នំពេញ1HG-0678 ដែលឈ្មោះ អ៊ុន ជាវៃ បានលួចយកទៅ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ឃាត់ខ្លូននៅយប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយដកហូតវត្ថុតាង ម៉ូតូកង់បីមួយ១គ្រឿងផងដែរ (ជនសង្ស័យនេះក៏ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ដូចគ្នា)។

ក្រោយពេល ដកហូតម៉ូតូកង់បីក្រោយនេះបានហើយ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវស្វែងរកម្ចាស់ដើម រហូតទាល់តែឃើញ និងបានប្រគល់ម៉ូតូកង់បីជូនម្ចាស់ដើមវិញ បើទោះបីជាម្ចាស់កង់បីនេះ មិនបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចអាវុធហត្ថក៏ដោយ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវដល់មហាជនទូទៅ នៅពេលមានការបាត់បង់ទ្រព្យសម្បត្តិ ឬមានបញ្ហារងគ្រោះ ក្នុងបទល្មើសណាក៏ដោយ សូមមេត្តាដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ដែលនៅជិតអ្នកបំផុតឲ្យបានដឹង ដើម្បីជាទុនដល់សមត្ថកិច្ចបើកការស្រាវជ្រាវ ព្រោះបើគ្មានបណ្តឹងសមត្ថកិច្ច នឹងមិនអាចទ្រង់ញាណដឹងថា មានបទល្មើសកើតឡើងនៅពេលណា ឬកន្លែងណាបានឡើយ៕