(កែប)៖ លោកអភិបាលខេត្តកែប សោម ពិសិដ្ឋ បានដាស់តឿន ដល់ក្មួយៗកុមារកំព្រា នៅមជ្ឈមណ្ឌល «បុរីកុមារខេត្តកែប» ទាំងអស់ ត្រូវខិតខំព្យាយាមយកចិត្តទុកដាក់ ក្រេបយកចំណេះដឹង ពាក់ព័ន្ធទៅនឹងការសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួងឯង ដើម្បីចាប់យកឱកាសការងារ ទៅថ្ងៃអនាគតដ៏ត្រចះត្រចង់។

ការដាស់តឿនបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រី អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ព្រមទាំងសប្បុរជននៃក្រុមសមាគមអចលនទ្រព្យសាកល, សមាគមពុទ្ធសាសនាអន្តរជាតិ ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយក្មួយៗ កុមារកំព្រា រស់នៅក្នុងមជ្ឈមណ្ឌល «បុរីកុមារខេត្តកែប» ស្ថិតក្នុងភូមិថ្មី សង្កាត់កែប ក្រុងកែប នៅថ្ងៃទី១១ ខែធ្នូ ២០២១។

ទន្ទឹមនេះលោក សោម ពិសិដ្ឋ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមសមាគមអចលនទ្រព្យសាកល និងសមាគម ពុទ្ធសាសនាអន្តរជាតិ ដែលបានចូលរួមជាមួយរដ្ឋបាលខេត្ត ដែលបានពាំនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មកផ្តល់ជូនក្មួយៗកុមារកំព្រានាពេលនេះ។

ជាមួយគ្នានេះលោក សោម ពិសិដ្ឋ ចាត់ទុកកាយវិការនេះ ជាការបង្ហាញនូវការគិតគូរ យកចិត្តទុកដាក់ អាណិតស្រឡាញ់ កុមារកំព្រាក្រីក្រ កុមាររងគ្រោះ ដែលពួកគេកំពុងស្នាក់អាស្រ័យក្នុងមជ្ឈមណ្ឌលខាងលើនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា បើទោះបីក្មួយៗទាំងអស់ ជាកុមារកំព្រា ពុំមានឪពុកម្តាយ តែក្មួយៗនៅមានឱកាសសិក្សារៀនសូត្រដូចក្មេងៗនៅតាមផ្ទះមានក្រុមគ្រួសារ ឪពុកម្ដាយដែរ ទោះបីក្មួយៗនៅក្នុងបុរីកុមារនេះ គឺរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងមណ្ឌលដែលមានម៉ាក់ៗជាមេដោះ តែងតែត្រូវបានមើលថែទាំ យ៉ាងយកចិត្តដាក់គ្រប់ពេលវេលា។ ដូច្នេះ ក្មួយៗទាំងអស់ ត្រូវគិតតែម្យ៉ាងក្នុងការរៀនសូត្រ ក្រេបយកចំណេះដឹង ក្រោយបញ្ចប់ការសិក្សា ចេញទៅប្រកបមុខរបប រកការងារធ្វើទៅថ្ងៃអនាគតឱ្យបានល្អប្រសើររុងរឿងដូចអ្នកដទៃអញ្ចឹងផងដែរ។

លោក សោម ពិសិដ្ឋ ក៏បានក្រើនរំលឹកឱ្យក្មួយៗទាំងអស់ ត្រូវថែរក្សាសុខភាព រស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត ពាក់ម៉ាស់ លាងដៃ ពិសេសអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ និងត្រូវចេះស្តាប់បង្គាប់ម៉ែដោះក្នុងមណ្ឌល ចេះសាមគ្គីជួយគ្នាទៅវិញទៅមក។

សូមរំលឹកថា អំណោយដែលត្រូវផ្តល់ជូនកុមារ ប្រមាណ៣៨នាក់ ក្នុងម្នាក់ៗ រួមមាន៖ កាតាបរៀន១, ដបអាកុល១, និងថវិកា ៣ម៉ឺនរៀល និងផ្តល់សម្ភារៈដល់មជ្ឈមណ្ឌលបុរីកុមារ រួមមាន អង្ក១តោន, មី ៣០កេស, កង់ជិះ ៥គ្រឿង, សៀវភៅសិក្សាសម្រាប់ក្មួយៗ ២០០ក្បាល, ម៉ាស់២៥០០, អាលកុល៣០លីត្រ, ថវិកា ៤,០០០,០០០រៀល និងឧបត្ថម្ភ ដល់បុគ្គលិក និងម៉ែដោះ ៧នាក់ ក្នុងម្នាក់៥ម៉ឺនរៀល ផ្តល់ថវិការជូនដល់កុមារ ដែលបានបញ្ចប់ការសិក្សា មានការងារធ្វើ ដែលធ្វើសមាហរណកម្ម ចេញពីបុរីកុមារ ចំនួន៩នាក់ ក្នុងម្នាក់១,០៨០,០០០រៀល៕