(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានពន្យល់ប្រាប់យុវជនរាប់ពាន់នាក់នៅក្រុងតាខ្មៅ ពីគុណបំណាច់ដ៏មហិមារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានដឹកនាំប្រទេសកម្ពុជា ពីបាតដៃទទេ ឱ្យក្លាយជាប្រទេសមានការអភិវឌ្ឍមានការរីកចម្រើន និងមានសម្បូរសប្បាយរុងរឿងមកដល់បច្ចុប្បន្ន។

ការពន្យល់ពីគុណរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់យុវជនជាអ្នកជំនាន់ក្រោយរបស់លោកអភិបាលខេត្ត បានលើកឡើងនៅក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ នៅកីឡដ្ឋានខេត្តកណ្តាល នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

លោកអភិបាលខេត្ត បានថ្លែងប្រាប់ពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ទៅដល់យុវជនយុវតីទាំងអស់បានយល់ច្បាស់អំពីការដឹកនាំប្រកបដោយ គតិបណ្ឌិតឈ្លាសវៃ និងការនាំមកនូវសុខសន្តិភាព ការអភិវឌ្ឍ ការរីកចម្រើនទាំងផ្នែកវិស័យសេដ្ឋកិច្ច វិស័យអប់រំ និងវិស័យជាច្រើនផ្សេងទៀត ដែលនេះជាឱកាសដ៏វិសេសវិសាលសម្រាប់យុវជនយុវតីមានឱកាស ក្នុងការចូលសិក្សារៀនសូត្រ ក្រេបយកចំណេះដើម្បីពង្រឹងសមត្ថភាពខ្លួនក្នុងការក្លាយខ្លួនជាធនធានមនុស្ស និងជាអ្នកបន្តវេនដឹកនាំទៅថ្ងៃខាងមុខ។

លោក គង់ សោភ័ណ្ឌ បានបញ្ជាក់នៅចំពោះមុខយុវជនទៀតថា «បើគ្មានសម្ដេចតេជោ ហ៊ុន សែន ទេ ម្ល៉េះប្រទេសកម្ពុជាយើងមិនដឹងក្លាយទៅជាផេះផង់យ៉ាងណាទេដោយសារតែរបបប្រល័យពូជសាសន៍បានកម្ទេចប្រទេសកម្ពុជា ឱ្យស្មើនឹងសូន្យដែលប្រជារាស្រ្តកម្ពុជាទាំងមូលកើតទុក្ខលំបាកវេទនាខ្លោចផ្សាគ្មានអាហារហូបចុកគ្រប់គ្រាន់ គ្មានការសិក្សា គ្មានសាសនា និងគ្មានការរីកចម្រើនអ្វីទាំងអស់ដោយមួយថ្ងៃរស់មួយថ្ងៃសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីសម្ដេចតេជោបានរំដោះប្រទេសជាតិចេញពីរបបខ្មៅងងឹតមក កម្ពុជាស្គាល់តែការរីកចម្រើន ការអភិវឌ្ឍ និងការបណ្ដុះបណ្ដាលយុវជនយុវតីជំនាន់ក្រោយឱ្យក្លាយទៅជាមនុស្សដែលមានសមត្ថភាពដឹកនាំដ៏ថ្ងៃខាងមុខ»

នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ ក៏បានប្រកាសឱ្យយុវជនគាំទ្រដល់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា គឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលការលើកឡើងរបស់លោកអភិបាលខេត្តយ៉ាងដូច្នេះ នាំឲ្យមានការស្រែកហ៊ោកញ្ច្រៀវពេញកីឡដ្ឋានខេត្តកណ្ដាលតែម្ដង ដោយធ្វើការស្រែកគាំទ្រដល់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃខាងមុខផងដែរ។

លោកអភិបាលខេត្ត ក៏បានថ្លែងពីគុណបំណាច់អស្ចារ្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើយុទ្ធសាស្ត្រទប់ស្កាត់ការផ្ទុះរីករាលដាលជំងឺកូវីដ១៩ ដែលបានចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចាប់ពីអាយុ ៦ ឆ្នាំឡើងទៅ ដោយចាក់បាន១០០% ដែលនេះជាគោលនយោបាយ និងជាការគិតគូរពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេសពីសំណាក់សម្ដេចតេជោ ហ៊ុ នសែន។ ការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទាំងប្រទេសនេះ ជាការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់គ្មានគិតពីការនឿយហត់លំបាកឡើយពីសំណាក់សម្ដេចតេជោ ក្រុមការងារទាំងអស់ដែលបានធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋទូទាំងប្រទេសចេញពីយប់ខ្មៅងងឹតនៃជំងឺកូវីដ១៩។

បន្ថែមលើសនេះលោកអភិបាលខេត្តកណ្ដាល ក៏បានលើកទឹកចិត្តជំរុញដល់យុវជនទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រធ្វើខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ប្រជាពលរដ្ឋល្អ ដើម្បីក្លាយជាធនធានមនុស្សដ៏មានសមត្ថភាព និងត្រូវមានមោទនភាពចំពោះខ្លួនឯង ថាជាយុវជនខេត្តកណ្ដាលយុវជនកម្ពុជា និងត្រូវធ្វើខ្លួនឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពពេញលេញបង្ហាញលើឆាកអន្តរជាតិ។

ស្ថិតក្នុងឱកាសនេះដែរ លោក ចេង សំអ៊ុល ប្រធានធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២១ ដែលកម្មវិធីប្រកួតជាផ្លូវការប្រព្រឹត្តទៅរយៈពេលប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ដោយមាន៥ផ្នែក មានផ្នែកកីឡាបាល់ទាត់ ផ្នែកកីឡាបាល់ទះ ផ្នែកកីឡាបាល់បោះ ផ្នែកកីឡាអត្តពលកម្ម និងផ្នែកកីឡាទាញព្រ័ត្រ មានកីឡាករ កីឡាការិនី សរុបចំនួន៧៥០នាក់៕