(ស្ទឹងត្រែង)៖ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ហើយ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ឈាង ឡាក់ ប្រធានគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាខេត្ត។

គម្រោងសាងសង់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន សាងសង់លើទីធ្លាដីដែលមានទំហំ ៤៥ម៉ែត្រ គុណ ៦០ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវកៅស៊ូលេខ៣៧៦ ស្ថិតក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ធ្វើពីបេតុង ប្រក់សង្កសី មានបន្ទប់ការិយាល័យ២ សាលប្រជុំតូចមួយ និងសាលប្រជុំធំ ដែលអាចផ្ទុកបានសមាជិក ១៣៥នាក់ ទំហំអគារសរុប ១៤ម៉ែត្រ គុណ ២៤ម៉ែត្រ ក្នុងគម្រោងចំណាយថវិកាប្រមាណ ៤០០លានរៀល។

ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានឧបត្ថម្ភថវិការបស់លោកស្រី ចំនួន ១០,០០០ដុល្លារ សម្រាប់ចូលរួមគម្រោងសាងសង់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកសេសាន និងលោកអភិបាលខេត្តបានចែកអាវរងា ចំនួន១០០អាវ និងថវិកា ជូនដល់លោកតា លោកយាយចំនួន១០០នាក់ ដែលជាអំណាយផ្ទាល់របស់លោក និងលោកភរិយា៕