(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា បានទទួលសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ពីក្រសួងការពារជាតិអូស្ត្រាលី ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា នៅកងពលតូចលេខ៧០។

ក្នុងឱកាសនោះ លោក Pablo Kang បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា អូស្ត្រាលី នារយៈពេលកន្លងមក ហើយឈានចូលមកដល់ឆ្នាំ២០២១ គឺជាឆ្នាំដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា និងអូស្ត្រាលី។

លោក Pablo Kang បានបញ្ជាក់ទៀតថា៖ ប្រទេសអូស្ត្រាលី បានជួយឧបត្ថម្ភដល់សិក្ខាសាលា សៀវភៅសការពារជាតិ កងយុទ្ធពលខេមរភូមិន រួមទាំងការបោះពុម្ពសៀវភៅស នៅក្នុងឆ្នាំ២០២២ខាងមុខ។

កអគ្គរដ្ឋទូតអូស្ត្រាលី ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកងទ័ព ទាំងពីរកម្ពុជា-អូស្រ្តាលី ក្នុងឆ្នាំ២០២១នេះ ដែលក្នុងនោះរួមមាន ទាំងការចូលចតនាវារបស់កងទ័ពជើងទឹកអូស្រ្តាលីនៅខេត្តព្រះសីហនុ ផងដែរ។

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក៏បានអបអរសាទរចំពោះជោគជ័យប្រទេសកម្ពុជា ដែលបានដំណើរការចាក់វ៉ាក់សាំងបានយ៉ាងឆាប់រហ័ស ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកងយោធពលខេមរភូមិន្ទ ក៏បានខិតខំប្រឹងរបស់ខ្លួនជួយដល់រាជរដ្ឋាភិបាលកម្ពុជា។

លោក Pablo Kang បានសង្កត់ធ្ងន់ថា៖ «វាគឺជាកិច្ចការសំខាន់ណាស់ដែលយើងត្រូវរួមគ្នា ក្នុងការឆ្លើយតប ទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដូច្នេះ ហើយបានជាប្រទេសអូស្ត្រាលី បានផ្តល់នូវសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រដល់កម្ពុជាសម្រាប់ការចូលរួមទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩។ ការប្រគល់សម្ភារៈ បរិក្ខាវេជ្ជសាស្ត្រនេះ គឺជាការបំពេញបន្ថែមទៀតចំពោះការប្រាប្តេជ្ញាចិត្តរបស់អូស្ត្រាលី ចំពោះការជួយអភិវឌ្ឍអនាគតរបស់កម្ពុជា រួមមានវិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ និងកិច្ចសហប្រត្តិការលើវិស័យនានាដ៏ទៃទៀត»

ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាយឧត្តមសេនីយ៍ ម៉ឹងសំផនបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលបានផ្ដល់នូវសម្ភារៈ វេជ្ជវិទ្យាសាស្ត្រដល់កងយោធពលខេមរភូមិនទ ដែលអំណោយសម្ភារៈទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនៅជំងឺកូវីដ១៩ នៅកម្ពុជា។

នាយឧត្តមសេនីយ៍ ម៉ឹងសំផន បានបញ្ជាក់ថា នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រកបដោយការសម្រេចចិត្តដ៏ត្រឹមត្រូវច្បាស់លាស់ និងទាន់ពេលវេលា សំដៅការពារសុខភាពសាធារណៈ និងសង្គ្រោះអាយុជីវិតដល់ប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ បានលើកឡើងពីការអនុវត្តនូវវិធានការ «៣ការពារ ៣កុំ» របស់សម្តេចតែជោ ហ៊ុន សែន ដែលជាវិធានការមួយដ៏សំខាន់ ក្នុងការរួមចំណែកទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីចុះហត្ថលេខាផ្ទេរ-ប្រគល់ សម្ភារៈបរិក្ខា វេជ្ជសាស្ត្រ ពីក្រសួងការពារជាតិអូស្ត្រាលី ជូនក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាដោយឧត្តមសេនីយ៍ឯក គង់ សាលី អគ្គនាយករង អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ និងជានាយក នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ និងលោក Captain Bernard York សេនានុព័ន្ធអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា៕