(កណ្ដាល)៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ លោក រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកម្មវិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ នៅភូមិទួលងោកខាងកើត ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

លោក រ៉ូហ្វី អូស្មាន បាននាំនូវមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ជូនចំពោះប្រជាពរដ្ឋ ដោយក្តីនឹករលឹក និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅជាទីបំផុត។

លោកក៏បានរំលេចអំពីគុណសម្បត្តិមហាសាល ដែលកើតចេញក្រោមការដឹកនាំបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបានកោតសរសើរដល់បងប្អូនដែលជានិច្ចកាលតែងតែបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ស្របជាមួយគ្នានេះដែរ លោកបានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវបន្តរក្សាការពារខ្លួន ពីការឆ្លងជំងឺកូវីដ១៩ ដោយត្រូវបង្កើនការប្រុងប្រយ័ត្ន និងបន្តអនុវត្តគោលការណ៍៣កុំ និង៣ការពារ ដើម្បីទទួលបានសុខសុវត្ថិភាព និងជំនះបាននូវការរាលដាលជំងឺនេះក្នុងសហគមន៍ និងប្រទេស។

គួរជម្រាបផងដែរថា កម្មវិធីបាននាំនូវអំណោយមនុស្សធម៌ ជាឯកសណ្ឋានថ្វាយបង្គុំដល់ស្រ្តីមុស្លិម ២០០កំផ្លេ ជាការឧបត្ថម្ភពីសប្បុរសជនម៉ាឡេស៊ី តាមរយៈលោក លី មូសា ប្រធានមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា សាខាស្រុកកោះសូទិន និងជាគណៈអ៉ីម៉ាំស្រុកកោះសូទិន។ បន្ថែមពីលើនោះទៀត លោក រ៉ូហ្វី អូស្មាន បានឧបត្ថម្ភ កាមីរ៉ា (Canon) ចំនួនមួយ និង ថវិការចំនួន ៣០០,០០០រៀល ដល់យុវជន សយមក ផងដែរ៕