(ភ្នំពេញ)៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាលតំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល រួមដំណើរជាមួយលោក កែវ ពិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាល បានអញ្ជើញដឹកនាំប្រតិភូ ផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ធ្វើទស្សនកិច្ចសិក្សានៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដើម្បីស្វែងយល់ ពីមរតនៃការអនុវត្តគោលនយោបាយឈ្នះឈ្នះ និងប្រវត្តិតស៊ូររំដោះជាតិមាតុភូមិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីមានមតិសសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ប្រតិភូរួចមក លោកស្រីឧត្តមសេនីយ៍ឯក ណឹម សុវត្តី ទីប្រឹក្សាសម្ដេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយិកា អង្គភាពសេនាតេជោ បានធ្វើបទបង្ហាញដោយពន្យល់ជូនយ៉ាងក្បោះក្បាយអំពីស្មាដៃ គុណូប្បការៈ និងការពលីកម្មទាំងកាយ និងបញ្ញារបស់ម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ក្នុងការចាប់ផ្តើមនូវដំណើរការតស៊ូពីគ្រាដំបូងបំផុត។

ក្រោយពីបានស្តាប់បទបង្ហាញ និងទស្សនា វិមានឈ្នះឈ្នះរួចមក គណៈប្រតិភូទទួលបាននូវការយល់ដឹងថា វិមាននេះត្រូវបានចាប់ផ្តើមសាងសង់ឡើង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ និងត្រូវបានសម្ពោធជាផ្លូវការ នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ការកសាងវិមាននេះ គឺដើម្បីទុកជានិមិត្តរូប នៃសុខសន្តិភាព ឯកភាពជាតិ ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្សរ៍កន្លងមក ហើយវិមានឈ្នះឈ្នះ នេះក៏នឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយៗផងដែរ។

លើសពីនេះទៅទៀត លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ រួមជាមួយសមាជិកសមាជិកាប្រតិភូទាំងអស់ បានចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ព្រមទាំងបានចាត់ទុក វិមានអនុស្សាវរីយ៍ឈ្នះឈ្នះនេះ គឺតំណាងឲ្យកម្ពុជា មានសុខសន្តិភាព ឯកភាពជាតិ និងឈ្នះជានិច្ចនិរន្តរ៍ គ្មានសង្រ្គាមស៊ីវិលទៀតឡើយ ហើយក៏ជាតំណាង នៃការបង្រួបបង្រួមជាតិ ឯករាជ្យជាតិ សាមគ្គីភាព បូរណភាពទឹកដី វឌ្ឍនភាព និងវិបុលភាពនៃកម្ពុជាទាំងមូល។

លោក ចាយ បូរិន ក៏បានសង្កត់ធ្ងន់ថា យុវជនកម្ពុជា ពិតជាមានមោទកភាពចំពោះការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំនាវាកម្ពុជា បោះជំហានទៅមុខយ៉ាងខ្ពស់មុខខ្ពស់មាត់ ពិសេសមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ដែលនេះបង្ហាញឲ្យឃើញថា សម្តេចតេជោ គឺជាប្រមុខដឹកនាំប្រទេសប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសការធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមដោយសន្តិវិធី ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលកម្ពុជាខិតខំរកបានដោយលំបាក និងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យការរីកចម្រើនយ៉ាងឆាប់រហ័សថែមទៀតផង។

ជំនួសមុខឲ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល សូមថ្លែងអំណរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបទេសក្រសួងការពារជាតិ ដែលបានបង្កលក្ខណៈងាយស្រួលដល់ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុជនគណបក្សថ្នាក់កណ្តាលទាំងអស់ បានទស្សនកិច្ចសិក្សាស្វែងយល់ប្រកបដោយជោគជ័យ។

តាងនាមផ្នែកឃោសនាអប់រំ លោក ចាយ បូរិន បានអរគុណដល់លោកស្រី ណឹម សុវត្តី អគ្គនាយិកា អង្គភាពសេនាតេជោដែលបានសម្របសម្រួលកិច្ចការទស្សនកិច្ចនេះ និងធ្វើបទបង្ហាញតាំងពីដើមរហូតដល់ចប់។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន បានប្រគល់ជូនថវិកាចំនួន២លានរៀលរបស់លោក បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ជូនលោកស្រី ណឹម សុវត្តី សម្រាប់ប្រើប្រាស់តាមតម្រូវការនៅវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ផងដែរ៕