(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះនៅខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា តាមរយៈគណៈកម្មាធិការអនុសាខាកាកក្រហមខណ្ឌនីមួយៗ។

ក្នុងនោះគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បានរៀបចំចែកអំណោយសង្គ្រោះបន្ទាន់ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ដើម្បីជួយសម្រួលជីវភាពចំនួន២៧គ្រួសារទៀត ស្ថិតនៅក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

សម្រាប់ខណ្ឌឬស្សីកែវ ពិធីនេះបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ លោក ឯក ឃុនដឿន អភិបាលខណ្ឌ និងលោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងមានការចូលរួមពីលោក លោកស្រី ប្រតិភូសាខាកាកបាទក្រហមកម្ពុជារាជធានី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងក្រុមការងារ ក.ក្រ.ក សង្កាត់ផងដែរ។

លោក ឯក ឃុនដឿន ក៏ដូជាថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅក្នុងពិធីជួបសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយសង្គ្រោះបន្ទាន់នេះ បានឆ្លៀតឱកាសពាំនាំប្រសាសន៍ផ្ដាំផ្ញើអំពីការយកចិត្ត ទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាពិសេសប្រសាសន៍ផ្តាំផ្ញើពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ នៅមុនពេលឧបត្ថម្ភអំណោយក្នុង១គ្រួសារៗ រួមមាន៖ អង្ករ៥០គីឡូក្រាម, មី២កេស, ត្រីខ២យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៉ីវ២យួរ, អាវរងា២, ឃីត១កញ្ចប់, ម៉ាស់២៥សន្លឹក, តង់មួយ និងថវិកា ចំនួន ៨០.០០០រៀល ស្មើៗគ្នា។

ដោយឡែកសម្រាប់ខណ្ឌដូនពេញ ធ្វើឡើងក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅក្នុងបរិវេណ រាជាយស្ម័យាន។

សូមរំលឹកថា នៅថ្ងៃទី១០ ខែធ្នូម្សិលមិញ មានករណីអគ្គិភ័យ២កន្លែងបានកើតឡើងស្ទើរតែព្រមៗគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនោះបានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋសរុបជិត១០០ខ្នង ខណៈប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់ទឹកអស់ជិត២០០ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង។

ចំពោះគ្រោះអគ្គិភ័យលេីកទី១ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណ៨០ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវរថភ្លេីង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មូលហេតុមកពីឆ្លងចរន្ដអគ្គិសនី។ សម្រាប់ករណីទី២ បានឆេះបំផ្លាញអស់ផ្ទះ ចំនួន១៧ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីដូចគ្នា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៤៨គ្រឿង ប្រើប្រាស់ទឹកអស់៩៨ឡាន៕