(ភ្នំពេញ)៖ លោក Cristian Berger ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងគណៈប្រតិភូមានតំណាង ក្រុមហ៊ុនបោះពុម្ពក្រដាសប្រាក់ និងក្រុមហ៊ុន KFW របស់ប្រទេសអាល្លឺម៉ង់ បានកោតសរសើរប្រព័ន្ធធនាគារនៅកម្ពុជា ដែលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩។

ការលើកឡើងរបស់លោក ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ធ្វើឡើងក្នុងឱកាសលោក ជា ចាន់តូ ទេសភិបាលធនាគារជាតិនៃកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅធនាគារជាតិនៃកម្ពុជា។

ក្នុងឱកាសនោះលោក បានអបអរសាទរ ចំពោះលោកទេសាភិបាល ដែលទទួលបានពានរង្វាន់ ជាទេសាភិបាលឆ្នើម និងធនាគារជាតិនៃកម្ពុជា ជានិយ័តករឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលទាំងនេះឆ្លុះបញ្ចាំងនូវការទទួលស្គាល់ពី ការដឹកនាំក៏ដូចជាការបំពេញភារកិច្ច របស់ធនាគារជាតិនៃកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

លោក ជា ចាន់តូ បានថ្លែងអំណរគុណ ចំពោះលោក Cristian Berger ដែលតែងតែពង្រឹងការរឹតចំណងសាមគ្គីភាព រវាងប្រទេសអាល្លឺម៉ង់ និងកម្ពុជា និងគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។

លោក ជា ចាន់តូ បានលើកឡើងថា «ទុនវិនិយោគដែលមានប្រភពមក ពីប្រទេសអាល្លឺម៉ង់បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ចាប់តាំងពីការកកើតដំបូងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាដើមទសវត្សរ៍ឆ្នាំ១៩៩០ មកម៉្លេះ។ ក្នុងនោះលោកទេសាភិបាលក៏ស្នើឱ្យភាគីអាល្លឺម៉ង់បន្តគាំទ្រ ការអភិវឌ្ឍប្រព័ន្ធធនាគារកម្ពុជាបន្តទៀត»។

ឆ្លៀតក្នុងឱកាសនោះលោកទេសាភិបាល បានអញ្ជើញគណៈប្រតិភូទៅទស្សនកិច្ចសារមន្ទីសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន ដែលបង្ហាញអំពីប្រវត្តិរឿងរ៉ាវនៃស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១រហូតដល់បច្ចុប្បន្ន៕