(កណ្តាល)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមការចង្អុលពីលោកឧត្តមទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានបង្ក្រាបការនាំចូលសាច់គោ និងសាច់ក្របីខុសច្បាប់ពីប្រទេសវៀតណាមប្រមាណ៣តោន។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ប្រិតបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងនគរបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយបានឃាត់រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3680 នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលដឹកសាច់គោ និងសាច់ក្របីនាំចូលមកពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា អ្នកតំណាងម្ចាស់ទំនិញមានឈ្មោះ ឌុក ភក្តី ភេទប្រុស២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយឡែកអ្នកបើកបរមានឈ្មោះ ឈូក ដា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

សម្រាប់វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖

១-រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3680។
២-សាច់គោម៉ាក AL-AMMAR ដាក់ប្រអប់ ក្រដាសពណ៌លឿង ចំនួន៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន២០គីឡូក្រាម ស្មើនឹង១៥០០គីឡូក្រាម។
៣-សាច់ក្របី ម៉ាក BLACK GOLD ប្រអប់ក្រដាសពណ៌សចំនួន៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន២០kg ថ្មើរនឹង១៥០០គីឡូក្រាម។ សរុបសាច់គោ និងសាច់ក្របី ចំនួន១៥០ប្រអប់ស្មើនឹង៣០០០គីឡូក្រាម។

តាមសេចក្តីរាយការណ៍ បានបន្តថា ក្រោយក្រុមការងារបានត្រួតពិនិត្យរួចព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារ រក្សាទុកវត្ថុតាងខាងលើនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបណ្ដោះអាសន្ន ហើយខាងមន្ត្រីជំនាញបានដកយកសំណាកសាច់គោ និងសាច់ក្របីចំនួនពីរកេះស្មើរ៤០គីឡូ យកទៅធ្វើវិភាគរកមេរោគនិងសារធាតុផ្សេងៗ និងមន្រ្តីសាខា (កបប) យកសំណាកសាច់គោ និងសាច់ក្របីចំនួនពីរកេះស្មើ៤០គីឡូ ទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ដើម្បីបន្តរនិតិវិធី។