(កំពង់ធំ)៖ ជនសង្ស័យ៣នាក់ ដែលជាសាច់ញាតិនឹងគ្នា បានរត់គេចខ្លួនបាត់ក្រោយ ពីបានបាញ់សម្លាប់ជនរងគ្រោះចោល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦នេះពីព្រោះតែខឹងជនរងគ្រោះបានវាយប្រពន្ធ​ របស់ខ្លួនមួយដៃ។

អំពើឃាតកម្មខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កើតឡើងនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

មន្រ្តីនគរបាលមូលដ្ឋានបាន ប្រាប់ភ្នាក់ងារ Fresh News នៅយប់ថ្ងៃនេះថា ជនរងគ្រោះឈ្មោះ ឈន វួច អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

ដោយឡែក ជនសង្ស័យទាំង៣នាក់ ដែលប្រើកាំភ្លើងស្នប់បាញ់សម្លាប់ជនរងគ្រោះរួមមាន
ទី១. ឈ្មោះ មិន បឿន អាយុ២៥ ឆ្នាំ ជាជនដៃដល់
ទី២. ខេង សុផាត អាយុ ៦ឆ្នាំ
ទី៣. ខាន់ ឡែន អាយុ២១ នាំ រស់នៅភូមិទឹកវិលឃុំក្លែង ស្រុកសណ្តាន់។

មន្រ្តីនគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថា មូលហេតុដែលបណ្តាលឲ្យមានករណីសម្លាប់នេះ ដោយសារតែ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ជនរងគ្រោះឈ្មោះ ឈន វួច បានវាយមួយដៃទៅលើឈ្មោះ មិន ចាន់ធូ អាយុ២៧ឆ្នាំ ត្រូវជាប្រពន្ធ ឈ្មោះ ខេង សុផាត រួចហើយជនរងគ្រោះបានរត់គេចខ្លួនបាត់។

លុះដល់ថ្ងៃកើតហេតុជនដៃដល់និងបក្ខពួកបានទិញស្រាផឹកអស់ប្រហែលមួយកេះដោយមានភាពស្រវឹងស្រឿងៗផង និងមានរឿងវាយប្រពន្ធផងនោះ ហើយគាប់ជូនឃើញ ជនរងគ្រោះមកផ្ទះពេលនោះ ឈ្មោះ មិន បឿន ទាញកាំភ្លើងស្នប់មកបាញ់ចំក្រោមក្លៀក មួយគ្រាប់បណ្តាលឲ្យប្រកាច់ស្លាប់មួយរំពេច ក្នុងថ្លុកឈាម។

ពេលឃើញជនរងគ្រោះស្លាប់ភ្លាម ជនដៃដល់និងបក្ខពួក បានរត់គេចខ្លួនបាត់ រីឯសពត្រូវបានក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។ នៅពេលនេះកម្លាំងសមត្ថកិច្ច បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនដៃ​ដល់​ យកមកផ្តន្ទាទោសតាមច្បាប់៕